ក្រុមហ៊ុន 7-Eleven គ្រោងឈានជើងចូលទីផ្សារកម្ពុជានៅឆ្នាំ២០២១ខាងមុខ ជាមួយមហិច្ឆិតាពង្រីក ៧០០ទីតាំង

ចែករំលែក

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន CP All Plc ដែលបានចុះបញ្ជីនៅថៃបានប្រកាសអំពីផែនការបើកហាងទំនិញខ្នាតតូចចំនួន ៧០០កន្លែងនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ផ្សារមូលបត្រថៃ (SET) បានចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនយក្សថៃបាននិយាយថា បច្ចុប្បន្នក្រុមហ៊ុនចុះកិច្ចព្រមព្រៀងទិញសិទ្ធិ ដែលនឹងនាំយកហាងទំនិញ 7-eleven មកកាន់កម្ពុជា។

ក្រុមហ៊ុន បានឲ្យដឹងថា “ក្រុមហ៊ុន CPALL ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមេ ដើម្បីបើកហាងនៅឡាវ និងកម្ពុជា”។

របាយការណ៍ដដែលនេះបានឲ្យដឹងថា “ផ្អែកតាមការស្ទង់មតិទីផ្សារ និងការប៉ាន់ប្រមាណបឋមរបស់ក្រុមហ៊ុន គឺយើងនឹងបើកហាងនេះឲ្យបានចំនួនហាង៧០០កន្លែងនៅកម្ពុជា និងចំនួនហាង៥០០កន្លែងនៅឡាវ គ្រោងនឹងបើកនៅពេលខាងមុខ”។

ក្រុមហ៊ុនថៃនេះ គ្រោងបើកហាងទំនិញនៅកម្ពុជាក្នុងឆ្នាំ២០២១ ដែលមានរយៈពេល៣០ឆ្នាំ ហើយអាចបន្តបាន២០បន្ថែមទៀត។ ការចូលមកវិនិយោគនេះ ក្រសួងពាណិជ្ជកម្មអះអាងថា មិនបង្កឲ្យមានផលប៉ះពាល់ហាងទំនិញនៅកម្ពុជាឡើយ។

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងដែរថា ក្រុមហ៊ុន CP ALL គ្រោងនឹងបើកហាងទំនិញ7-Eleven ពី៧០០ទៅ១០០០សាខានៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល៥ឆ្នាំដំបូង។ ជំហានបន្ទាប់ ក្រុមហ៊ុននេះ នឹងបើកលក់ហ្វ្រេនឆាយ 7-Eleven ដល់អ្នកជំនួញក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន CP ALL បានបោះទុនតម្កល់ជាង៥ពាន់ដុល្លារ ក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួង។

អ្នកនាំពាក្យរូបនេះ អះអាងថា គម្រោងនេះ គឺមិនបង្កឲ្យមានផលប៉ះពាល់ដល់អ្នកលក់ទំនិញនៅកម្ពុជាឡើយ។ លោក បានបន្ថែមថា វាជាការបង្កើនទំហំសេដ្ឋកិច្ចកម្ពុជា។

ក្រុមហ៊ុន CP ទាំងអស់ដំណើរការហាងទំនិញ១១,០០០ កន្លែង ក្រោមស្លាកយីហោ 7-eleven នៅថៃ ដែលមានអតិថិជនជាមធ្យម១១,៨ លាននាក់ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន 7-Eleven Inc នៅសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប្រចាំតំបន់កាលពីឆ្នាំ ១៩៨៩។ ក្រុមហ៊ុនមេនេះគឺជាក្រុមហ៊ុនដែលមានតម្លៃ ៦៣ពាន់លានដុល្លារ៕


ចែករំលែក