មណ្ឌលគីរី បង្កើនផលិតភាពទេសចរណ៍ដោយសួនសត្វ មយូរា និងឥន្ទ្រី នៅសមុទ្រឈើ

0

ដោយ ៖ រ៉ាណេត

មណ្ឌលគីរី ៖ សមុទ្រឈើ ដែលជាទីរមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញបំផុតនៅប៉ែកឦសាននៃខេត្តមណ្ឌលគីរី នឹងបង្កើនផលិតផលទេសចរណ៍បន្ថែមទៀតជាមួយនឹងសួនសត្វកម្រនៅលើសាកល គឺសួនសត្វឥន្ទ្រី និងសួនសត្វ មយូរា (ក្ងោក) ក្រោមការគាំទ្រពីសំណាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

រដ្ឋមន្ត្រីទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានបង្ហាញពីក្ដីសាទរ និងគាំទ្រយ៉ាងពេញទំហឹងនៅក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពទេសចរណ៍ខេត្តមណ្ឌលគីរីកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ទៅលើការកែច្នៃបង្កើនផលិតភាពនៃរមណីយដ្ឋានសមុទ្រឈើនៅខេត្តមណ្ឌលគិរី ជាពិសេសគម្រោងនៃការបង្កើតសួនសត្វកម្រនៅលើសាកលលោកចំនួនប្រភេទ រួមមានសួនសត្វអូទ្រីស សួនសត្វឥន្ទ្រី និងសួនសត្វមយូរា ឬសត្វក្ងោកក៏ទាក់ទាញ។

រមណីយដ្ឋាន សមុទ្រឈើ ដែលកំពុងរៀបចំជាទីទេសចរណ៍ដ៏ធំមួយនេះ មានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខាងលិចបន្តិចពីកន្លែងទស្សនាទេសភាពសមុទ្រឈើ។

ម្ចាស់រមណីយដ្ឋានសមុទ្រឈើ លោក ជុំ វីរៈ បានឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍បច្ចុប្បន្ននេះមានផ្ទះស្នាក់ និងបន្ទប់ស្នាក់នៅជាច្រើនប្រភេទ មានទាំងផ្ទះស្នាក់លក្ខណៈគ្រួសារ ផ្ទះរចនា បទខ្មែរ មានបឹងហ្កាឡូ វីឡា ផ្ទះឈើម៉ូតនៅមាត់អូរ និងផ្ទះសម្រាប់ដាក់តង់គេង ដែលអាចផ្ដល់នូវសេវាស្នាក់នៅជូនភ្ញៀវទេសចរប្រកបដោយការពេញចិត្ត ខណៈការងាររៀបចំនៅក្នុងរមណីយដ្ឋានទាំងមូលកំពុងមមាញឹក និងគិតគូរតាមស្ដង់ដាយ៉ាងយកចិត្តទុកដាក់។

ផលិតផលទេសចរណ៍ទូទៅ ត្រូវបាន និងកំពុងរៀបចំឱ្យមានស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ ហាងលក់ កាហ្វេ-ភេសជ្ជៈដែលច្នៃធ្វើដោយឫស្សី ភោជនីយដ្ឋាន សាលប្រជុំ កន្លែងហាត់ប្រាណ កន្លែងស្ទីម-សូណា ស្កាយបារនៅជាន់លើបំផុត ផ្លូវសម្រាប់ជិះកង់ទេសចរណ៍ សួនបន្លែសម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ដោយខ្លួនឯងជាដើម។

រមណីយដ្ឋាននេះក៏បានអភិរក្សទុកនូវដើមឈើធំៗខ្ពស់ស្កឹមស្កៃ និងរៀបចំឱ្យមានរានសម្រាប់ភ្ញៀវទេសចរអង្គុយលេង កម្សាន្ត គយគន់ទេសភាពនៅក្រោមដើមឈើទាំងនោះផងដែរ។ ទន្ទឹមនឹងនោះ គេនឹងរៀបចំឱ្យមានកន្លែងហាត់យោគៈ (Yoga) បំប៉នសុខភាព ជាមួយនឹងការស្រងក្លែបក្លិនគន្ធាបុប្ផាព្រៃភ្នំកៀកស្និទ្ធនឹងធម្មជាតិ។ ភ្ញៀវទេសចរអាចគយគន់ទស្សនាទិដ្ឋភាពនាពេលអរុណោទ័យ និងរៀបអស្ដង្គតផងដែរ ទោះបីគេឈរនៅជ្រុងណាក៏អាចមើលឃើញស្អាតដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here