កម្ពុជាទទួលបានជំនួយថវិកាប្រមាណ ១៤ លានដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងជំងឺ Covid-19

ចែករំលែក

ដោយវុត្ថា

ភ្នំពេញ៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលកម្ពុជាទទួលជំនួយជាថវិកាពីសប្បុរសជនបានចំនួន ១៤ លានដុល្លារអាមេរិកសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។

លោកស្រី យស់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីជំងឺកូវីដ ១៩ នៅកម្ពុជានាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលបានទទួលជំនួយសប្បរសជនបានចំនួនសរុបទាំងអស់ ១៤ លានដុល្លារអាមេរិក ។

លោកស្រីថ្លែងថា ក្នុងចំណោមនេះ ក្រសួងបានចំណាយទៅលើទិញម៉ាស់គ្រប់ភេទ និងអាកុលអស់ថវិកាប្រមាណជាង ៧លានដុល្លារអាមេរិក ហើយ ថវិកាដែលមានសមតុល្យនៅក្នុងធនាគារមានចំនួនជិត៦ លានដុល្លារអាមេរិកសម្រាប់ត្រៀមប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ ១៩នៅក្នុងប្រទេស។

លោកស្រីបន្តថា ថវិកាដែលក្រសួងបានទទួលថវិកាពីមន្ត្រីរាជការដែលបានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនរហូតមកដល់ពេលនេះ មានចំនួន ៤១ស្ថាប័នដែលសរុបជាថវិកាមានចំនួនជិត ១០ម៉ឺនដុល្លារអាមេរិក។

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខភិបាល បានឱ្យដឹងដែរថា កម្ពុជាមានករណីឆ្លងនូវជំងឺកូវីដ ១៩ ចំនួន ១២២ នាក់ សុទ្ធសឹងតែជាការនាំចូលមកពីក្រៅប្រទេស។ ដោយឡែកក្នុងចំណោមនេះ នៅសល់តែពីរករណីទៀតតែប៉ុណ្ណោះដែលមិនទាន់ព្យាបាលជានៅឡើយ ខណៈមិនមានរកឃើញករណីឆ្លង ថ្មីទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។

តែយ៉ាងក៏ដោយ លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ពលរដ្ឋគ្រប់រូបបន្តចូលរួមការពារ និងមានអនាម័យដោយលាងដៃជាមួយ សាប៊ូ អាកុល ឬជៀល ឱ្យបានជាប្រចាំ ខណៈពិភពពលោកមិនទាន់រកឃើញវ៉ាក់សំាងព្យាបាល និង ប្រទេសនៅក្នុងប្រទេសចំនួននៅតែបន្តមានករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ។

លោក រដ្ឋមន្ត្រីរូបនេះថ្លែងថា មកទល់ពេលនេះ ស្ថានភាពជំងឺកូវីដ ១៩ នៅលើសកលលោក នៅតែមានការកើនឡើង និងនៅតែមានរកឃើញករណីវិជ្ជមានវីរុសកូវីដ ១៩ ថ្មី បន្ថែមទៀត ដែលធ្វើឱ្យចំនួន អ្នកមានវីរុសកូវីដ ១៩ បានកើនឡើងហរូងដល់ជាង ៣លាន ៨ សែននាក់ និងមានអ្នកស្លាប់ចំនួនជាង ៣៥ ម៉ឺននាក់៕


ចែករំលែក