ដោយៈ រ៉ាណេត
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអះអាងថា កម្ពុជានៅតែបន្តការរៀបចំកិច្ចប្រជុំកំពូលអាស៊ី–អឺរ៉ុប ឬហៅកាត់ថា(ASEM) លើកទី១៣ ក្នុងនាមជាម្ចាស់ផ្ទះនៅតែដំណើរការធម្មតា ប្រសិនបើពិភពលោកអាចគ្រប់គ្រងស្ថានការណ៍ជំងឺ Covid-19 បាន។

រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី–អឺរ៉ុប (ASEM) លើកទី១៣លោក លុយ ដាវីត បានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីថ្ងៃចុងសប្ដាហ៍កន្លងមកថា មកដល់ពេលនេះកិច្ចប្រជុំនានាពាក់ព័ន្ធនឹង (ASEM) នៅតែប្រព្រឹត្តទៅជាធម្មតា ពោលគឺការប្រជុំជាមួយភាគីពាក់ព័ន្ធនានាតាមរយៈ (Video Conference) នៅតែបន្តធ្វើ។
លោកបានបញ្ជាក់ថា “រដ្ឋាភិបាលមិនទាន់មានផែនការ ពន្យាពេលកិច្ចប្រជុំកំពូលនេះនៅឡើយ ខណដែលកិច្ចប្រជុំកំពូលមួយនេះ នឹងត្រូវធ្វើឡើងនៅជិតចុងឆ្នាំ២០២០ ដែលនៅសល់រយៈពេលយូរទៀត ទើបឈានមកដល់”។
លោកបានបន្តទៀតថា កិច្ចប្រជុំអាស៊ី–អឺរ៉ុប យើងហ្នឹងធ្វើនៅខែ១១ឯណោះទេ ហើយការរៀបចំ នៅតែប្រព្រឹត្តទៅធម្មតាដដែលហ្នឹង ប៉ុន្ដែយើងអត់ទាន់បានពិភាក្សា ជាមួយនឹងដៃគូប្រទេស ASEM ទាំងអស់អំពីការលើកពេលវេលាហ្នឹងទេ ព្រោះដោយសារពេលវេលាហ្នឹងនៅសល់យូរដែរដល់ខែ១១ណោះ។ បើសិនCovid-19 នៅតែបន្ដរាលដាលដដែលកិច្ចប្រជុំណាក៏ត្រូវលើកដែរ ពេលនេះយើងនៅអត់ទាន់នេះទេ ព្រោះដោយសារនៅសល់ពេលវេលាយូរដែរណាស់។

កម្ពុជាបានរៀបចំនូវកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០កន្លងទៅ ជាមួយបណ្តាប្រទេសសម្របសម្រួល ដែលរួមមានដូចជាប្រទេសសឹង្ហបូរី តំណាងឱ្យអាស៊ាន សហភាពអ៊ឺរ៉ុប (EU) និងប្រទេសក្រូអាត តំណាងឲ្យអ៊ឺរ៉ុប និងមានតំណាងប្រទេសផ្សេងទៀត ផ្លាស់ប្ដូរមតិយោបល់អំពីកិច្ចប្រជុំកំពូលអាស៊ី–អឺរ៉ុប ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនេះដំណើរការទៅមុខ។
កាលពីឆ្នាំ២០០៤ កម្ពុជាបានក្លាយជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី–អឺរ៉ុប ហើយត្រូវបានផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី–អឺរ៉ុបលើកទី១៣ នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦–១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ដែលនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបច្រើនជាង៥៣ប្រទេស៕






