ផ្លូវឆ្ពោះទៅសហគមន៍ភ្នំត្បែង ខេត្តព្រះវិហារ ស្ថាបនាបានជាង ៨០ ភាគរយ

0

ដោយ ហ្សូលី

ព្រះវិហារ៖ គិតមកទល់ពេលនេះ ផ្លូវឆ្ពោះទៅសហគមន៍ភ្នំត្បែង ខេត្តព្រះវិហារ ស្ថាបនាបានប្រមាណជាង ៨០ ភាគ។ នេះបើតាមឱ្យដឹងពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនប្រចាំខេត្តព្រះវិហារបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា ការស្ថាបនាផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ ភ្នំត្បែង ស្ថិតក្នុងខេត្តព្រះវិហារនេះ សម្រេចបានប្រមាណ ៨០ ភាគរយហើយ។ ការស្ថាបនាផ្លូវឆ្ពោះទៅត្រង់ចំណុចផ្លូវបំបែកផ្លូវជាតិលេខ ៦២ រហូតដល់ ភ្នំត្បែងនេះ មានដំណើរការចាក់កៅស៊ូ និងចាក់បេតុង។

លោកបន្តថា ផ្លូវមួយខ្សែនេះមានអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងលើកកម្ពស់វិស័យទេសចរណ៍ជាតិ ព្រោះរមណីយដ្ឋានភ្នំត្បែងមានជ័យ មានទេសភាពស្រស់ត្រកាលនិងជាទីសក្ការៈផងដែរ។

បន្ថែមពីលើនេះ លោកមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ពិតជាជួយបានច្រើនមែនទែន មិនត្រឹមតែជាសោភណ្ឌភាព និងភាពងាយស្រួលតែប៉ុណ្ណោះទេ តែបានបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលអាចឱ្យប្រជាពលរដ្ឋមានឱកាសក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត។

ក្រៅពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលប្រកបទៅដោយស្តង់ដារ និងគុណភាពនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនបានបន្តកិច្ចខិតខំប្រឹងប្រែងដទៃទៀតដូចជា ការពង្រឹងគុណភាពផ្លូវថ្នល់ ការបំពាក់ស្លាកចរាចរណ៍ ការដាក់ទ្រូងផ្លូវដើម្បីបង្កើនភាពងាយស្រួលក្នុងការការបើកបរនិងឆ្លងកាត់ ព្រមទាំងការតម្លើងភ្លើងបំភ្លឺផ្លូវក្នុងគោលបំណងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here