ដោយវុត្ថា
បាងកក៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្នុងប្រទេសថៃ លោកអ៊ូក សោភ័ណ បានស្នើដល់ក្រុមហ៊ុន 7-Eleven Inc. ដែលគ្រោងនឹងបើកដំណើរនៅកម្ពុជានាពេលខាងមុខនេះ គោរពកិច្ចសន្យា ដោយប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០%។

នេះបើយោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតកម្ពុជាប្រចំានៅក្នុងប្រទេសថៃស្តីពីលទ្ធផលជំនួបពិភាក្សាការងាររវាងលោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅថៃជាមួយលោក Chairoj Tiwatmuncharoen អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Plc. និងជាអគ្គនាយកក្រុមហ៊ុន CP ALL (Cambodia) Co., Ltd អំពីគម្រោងវិនិយោគហាងលក់ទំនិញ 7-Eleven នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញនេះ។
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាសម្តែងការសាទរចំពោះក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven Inc. នៅជប៉ុន និងសហរដ្ឋអាមេរិក និងកម្ពុជាជាដើម។
លោក Chairoj Chairoj Tiwatmuncharoen បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការអនុវត្តពាក្យសន្យាខាងលើ និងបានស្នើសុំស្ថានទូតកម្ពុជា ជួយសម្របសម្រួលផ្តល់ព័ត៌មានអំពីផលិតផលខ្មែរ ដាក់បញ្ចូលក្នុងបញ្ជីមុខទំនិញសម្រាប់លក់នៅក្នុងសាខាដំបូងនៅកម្ពុជា។
ក្រុមហ៊ុន CP All Plc ដែលបានចុះបញ្ជីនៅថៃបានប្រកាសអំពីផែនការបើកហាងទំនិញខ្នាតតូចចំនួន ៧០០កន្លែងនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ផ្សារមូលបត្រថៃ (SET) បានចេញផ្សាយកាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុន CPALL ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមេ ដើម្បីបើកហាងនៅឡាវ និងកម្ពុជា។
របាយការណ៍ដដែលនេះបានឲ្យដឹងថា “ផ្អែកតាមការស្ទង់មតិទីផ្សារ និងការប៉ាន់ប្រមាណបឋមរបស់ក្រុមហ៊ុន គឺនឹងបើកហាងនេះឲ្យបានចំនួនហាង៧០០កន្លែងនៅកម្ពុជា និងចំនួនហាង៥០០កន្លែងនៅឡាវ គ្រោងនឹងបើកនៅពេលខាងមុខ”។
ក្រុមហ៊ុនថៃនេះ គ្រោងបើកហាងទំនិញនៅកម្ពុជាក្នុងឆ្នាំ២០២១ ដែលមានរយៈពេល៣០ឆ្នាំ ហើយអាចបន្តបាន២០បន្ថែមទៀត។ ការចូលមកវិនិយោគនេះ ក្រសួងពាណិជ្ជកម្មអះអាងថា មិនបង្កឲ្យមានផលប៉ះពាល់ហាងទំនិញនៅកម្ពុជាឡើយ។

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងដែរថា ក្រុមហ៊ុន CP ALL គ្រោងនឹងបើកហាងទំនិញ7-Eleven ពី៧០០ទៅ១០០០សាខានៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល៥ឆ្នាំដំបូង។ ជំហានបន្ទាប់ ក្រុមហ៊ុននេះ នឹងបើកលក់ហ្វ្រេនឆាយ 7-Eleven ដល់អ្នកជំនួញក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន CP ALL បានបោះទុនតម្កល់ជាង៥ពាន់ដុល្លារ ក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួង។
អ្នកនាំពាក្យរូបនេះ អះអាងថា គម្រោងនេះ គឺមិនបង្កឲ្យមានផលប៉ះពាល់ដល់អ្នកលក់ទំនិញនៅកម្ពុជាឡើយ។ លោក បានបន្ថែមថា វាជាការបង្កើនទំហំសេដ្ឋកិច្ចកម្ពុជា។
ក្រុមហ៊ុន CP ទាំងអស់ដំណើរការហាងទំនិញ១១,០០០ កន្លែង ក្រោមស្លាកយីហោ 7-eleven នៅថៃ ដែលមានអតិថិជនជាមធ្យម១១,៨ លាននាក់ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន 7-Eleven Inc នៅសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប្រចាំតំបន់កាលពីឆ្នាំ ១៩៨៩។ ក្រុមហ៊ុនមេនេះគឺជាក្រុមហ៊ុនដែលមានតម្លៃ ៦៣ពាន់លានដុល្លារ៕






