ដោយ ៖ ហ្សូលី
បាងកក ៖ អាជ្ញាធរទេសចរណ៍ប្រទេសថៃ (TAT) បានធ្វើការព្យាករណ៍ថា ចំនួនភ្ញៀវទេសចរបរទេសនឹងធ្លាក់ចុះប្រមាណជាង ៦០ភាគរយ ដោយសារការរាតត្បតនៃវិបត្តិសកលលោក។
ចំនួនភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃអាចនឹងធ្លាក់ចុះ ២ ភាគ ៣ ឫ នៅត្រឹម ១៤ លាននាក់នៅឆ្នាំ២០២០នេះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយនេះដោយសារការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដែលជាហេតុនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរទូទាំងពិភពលោក។ នេះបើតាមការប៉ាន់ស្មានពីអាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញកាលពីថ្ងៃចន្ទ ទី ១១ ខែឧសភា ឆ្នាំ ២០២០នេះ។
អាជ្ញាធរទេសចរណ៍ថៃព្យាករណ៍ថា នៅឆ្នាំ ២០២០នេះ នឹងមានភ្ញៀវទេសចរបរទេសចន្លោះពី ១៤ លាន ទៅ ១៦ លាននាក់តែប៉ុណ្ណោះដែលមកលេងប្រទេសថៃ។ ចំនួននេះមានការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបកាលពីឆ្នាំ ២០១៩កន្លងទៅ មានភ្ញៀវទេសចរបរទេសដល់ទៅចំនួន ៣៩,៨ លាននាក់ ដែលបានមកទស្សនាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃមានសង្ឃឹមថា ភ្ញៀវទេសចរបរទេសនឹងវិលត្រឡប់មកប្រទេសថៃវិញនៅក្នុងខែតុលា ដែលជារដូវទេសចរណ៍របស់ប្រទេសខ្លួន។
វិស័យទេសចរណ៍មានសារសំខាន់ណាស់សម្រាប់ប្រទេសថៃ ដោយសារចំណូលបានមកពីភ្ញៀវទេសចរបរទេសមានចំនួន ១,៩៣ ទ្រីលានបាត (៥៩,៩៨ ពាន់លានដុល្លារ) ឬស្មើនឹង ១១ ភាគរយ នៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំមុន៕