រដ្ឋាភិបាលចិន នៅតែបន្តផ្តល់ជំនួយថ្មីបន្ថែមទៀតដល់កម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសចិនបានបង្ហាញពីគម្រោងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេស សម្ភារៈបរិក្ខាពេទ្យជាច្រើនប្រភេទបន្ថែមទៀត សម្រាប់គាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺ Covid-19 ខណៈដែលកម្ពុជា នៅមានអ្នកឆ្លងនូវជំងឺនេះត្រឹមតែ ១នាក់ ក្នុងចំណោម ១២២នាក់ ដែលត្រូវបានព្យាបាលជាសះស្បើយ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០នេះថា  សម្ភារៈទប់ស្កាត់នឹងជំងឺ COVID-19 ដែលជាជំនួយថ្មីមួយទៀតរបស់ចិន នឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស។

ស្ថានទូចចិនបានបញ្ជាក់ទៀតថា សម្ភារៈទាំងនោះរួមមានសារធាតុតេស្តរកជំងឺឆ្លង Covid-19 ចំនួន ៥០០១៦សម្រាប់ សម្លៀកបំពាក់ការពារចំនួន១៨០០០កំផ្លេ វ៉ែនតាការពារចំនួន ៣០០០០ និងប្រដាប់វាស់កម្ដៅចំនួន ២០០គ្រឿង ដែលសម្ភារៈទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាលកម្ពុជា។ 

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្លាប់បានឱ្យដឹងថា ចិន និងកម្ពុជា ជាសហគមន៍ជោគវាសនារួម ដែលរួមសុខរួមទុក្ខជាមួយគ្នា និងជាបងប្អូនល្អដែលប្រៀបដូចដៃ និងជើង ។ លោកបានបន្តថា ភាគីចិននឹងបន្តផ្តល់រាល់ជំនួយទៅតាមលទ្ធភាពជូនដល់ភាគីកម្ពុជាទាំងស្រុងក្នុងការប្រយុទ្ធប្រឆាំងយកជម្នះជាមួយនឹងជម្ងឺឆ្លងប្រភេទថ្មីនេះ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជម្ងឺវីរុស COVID-19 ភាគីចិនបានជំនួយសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសនេះជាច្រើន និងបានចាត់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន មកជួយបង្កើនជំនឿចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជូនដល់កម្ពុជា។ លោកបន្តថា “ភាគីកម្ពុជានឹងចងចាំរាល់ការជួយរបស់ភាគីចិន ក្នុងក្រអៅបេះដូង នឹងសហការទំនាក់ទំនងជាមួយភាគីចិនយ៉ាងស្អិតល្មួត ដើម្បីយកជម្នះលើកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសក្នុងពេលឆាប់ៗនេះ” ។

ចាប់តាំងពីមានកាផ្ទុះឡើងនូវជំងឺ Covid-19 នៅកម្ពុជាកន្លងមកនេះ រដ្ឋាភិបាលចិបានផ្តល់ជំនួសជាសម្ភារៈវិជ្ជសាស្ត្រ និងជំនួយជាសម្ភារៈជាច្រើនតោនដល់ក្រសួងការពារជាតិកម្ពុជា ក្រសួងសុខាភិបាល អង្គការសមាគម និងស្ថាប័នរដ្ឋនានា ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនូវជំងឺ  Covid-19 នៅក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here