ឡាវស្នើសុំសាងសង់គម្រោងទំនប់វារីអគ្គិសនីតម្លៃ ២០០០លានដុល្លារ កាត់ដងទន្លេមេគង្គ

0

ដោយ ហ្សូលី

ភ្នំពេញ៖ រដ្ឋាភិបាលឡាវបានដាក់សំណើរសុំសាងសង់គម្រោងទំនប់វារីអគ្គិសនីតម្លៃ ២០០០លានដុល្លារ កាត់ដងទន្លេមេគង្គចំនួន១ បន្ថែមទៀត ខណៈប្រទេសនេះបានស្នើសុំ ៥គម្រោងរួចមកហើយ។

គណៈកម្មការទន្លេមេគង្គ (MRC) បានឲ្យដឹងនៅថ្ងៃអង្គារ ទី ១២ ខែឧសភា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលឡាវបានដាក់សំណើមួយទៀតនូវគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គ ដែលអាចផលិតថាមពលអគ្គិសនីពេញមួយឆ្នាំ ឬស្មើនឹង ៦៨៤មេហ្កាវ៉ាត់ ស្ថិតនៅក្នុងស្រុកសាណាខាំ មានទីតាំងភូមិសាស្ត្រនៅចន្លោះខេត្តសាយ៉ាបូរី និងក្រុងវៀងចន្ទ។ 

គម្រោងថ្មីនេះ បានស្នើឡើងខណៈគម្រោងចំនួន៥ទៀតរួមមាន៖ គម្រោងទំនប់វារីអគ្គិសនីសាយ៉ាបូរី ដនសាហុង ប៉ាក់បេង ប៉ាក់ឡាយ និងលួងប្រាបាង នាេពលកន្លងមក កំពុងឆ្លងកាត់ដំណើរការពិគ្រោះយោបល់ជាមុនទៅលើផលប៉ះពាល់ឆ្លងដែនដែលអាចកើតមានលើបរិស្ថាន លំហូរទឹក គុណភាពទឹក និងជីវភាពរស់នៅរបស់ប្រជាសហគមន៍តាមដងទន្លេ។

លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ មានប្រសាសន៍ថា «ប្រទេសឡាវ បានដាក់ស្នើគម្រោងប្រើប្រាស់ទឹកមានលក្ខណៈពេញមួយឆ្នាំលើដងទន្លេមេនៃទន្លេមេគង្គ ដែលគម្រោងនេះតម្រូវឲ្យឆ្លងកាត់ដំណើរការកិច្ចពិគ្រោះយោបល់ជាមុន។ ការដាក់ស្នើនេះ នឹងផ្តល់លទ្ធភាពឲ្យប្រទេសជាសមាជិកទទួលបានការជូនដំណឹង ព្រមទាំងសាធារណជនទូទៅទទួលបាននូវព័ត៌មានលម្អិត និងធ្វើការសិក្សាពីគម្រោងប្រើប្រាស់ទឹក និងផលប៉ះពាល់របស់ពីគម្រោងនេះ»។ 

លោកបានបន្តថា រដ្ឋាភិបាលឡាវ បានផ្តល់នូវសំណុំឯកសារវិស្វកម្ម និងការសិក្សាលទ្ធភាពគម្រោងក្នុងកម្រិតបច្ចេកទេស រួមមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោងទំនប់វារីអគ្គិសនីសាណាខាំ ព្រមទាំងការសិក្សាលើកំណកកករ និងជលផលទៅកាន់ប្រទេសជាសមាជិករួមមាន៖ ប្រទេសកម្ពុជា ថៃ និងវៀតណាម ដើម្បីទទួលបានការពិគ្រោះយោបល់ និងការឯកភាព ដើម្បីឈានទៅការសាងសង់ក្នុងឆ្នាំ២០២០នេះ ក្រោមដើមទុនជាង២ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ បានឲ្យដឹងថា បច្ចុប្បន្នមានគម្រោងចំនួន៤៩តាមដៃនៃដងទន្លេមេគង្គក្រោម ត្រូវបានដាក់ស្នើសម្រាប់ដំណើរការជូនដំណឹងក្រោមនីតិវិធីពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ទឹកលើដងទន្លេមេនៃដងទន្លេមេគង្គរបស់គណៈកម្មការទន្លេមេគង្គ។ 

ក្នុងចំណោមសំណើគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គក្រោមទាំងនេះ មានគម្រោងស្នើពីប្រទេសកម្ពុជាមានចំនួន៣គម្រោង ឡាវចំនួន៣០គម្រោង ថៃចំនួន២គម្រោង និងពីប្រទេសវៀតណាម១៤គម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here