អូស្ត្រាលី កំពុងសិក្សាគម្រោងធ្វើពិពិធកម្មពាណិជ្ជកម្មជាមួយកម្ពុជា

ចែករំលែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាតាមរយៈស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា កំពុងសិក្សាពីគម្រោង និងអនុវត្តយុទ្ធសាស្ត្រក្នុងការធ្វើពិពិធកម្មផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង២ រួមជាមួយនឹងគម្រោងទាក់ទាញការវិនិយោគថ្មីបន្ថែមនៅកម្ពុជាផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានលើកឡើងនៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលអូស្ត្រាលី បានសហការជាមួយកម្ពុជាយ៉ាងជិតស្និទ្ធក្នុងការធានាបាននូវលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ Covid-19 ហើយក្រៅពីនេះនៅមានការអនុវត្តគម្រោងដទៃទៀតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ យេនឌ័រ វិនិយោគ និងពាណិជ្ជកម្មផងដែរ។

លោកបានបញ្ជាក់ថា កម្ពុជា និងអូស្ត្រាលី ក៏ជាភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងអាស៊ាន-អូស្ត្រាលី និងនូវែលហ្សេឡង់ (AANZ) ហើយកម្ពុជា និងអូស្ត្រាលី នឹងសហការណ៍គ្នាដើម្បីជំរុញការបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងទាំងនោះឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកក៏បានស្នើសុំរដ្ឋាភិបាលអូស្ត្រាលី ពិនិត្យលទ្ធភាពជួយបន្ថែមទៀតក្នុងសកម្មភាពរួមមាន លិខិតបទដ្ឋានគតិយុត្ត និងការអភិវឌ្ឍសមាសធាតុផ្សេងៗក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លិខិតបទដ្ឋានគតិយុត្តនៃច្បាប់ស្ដីពីការប្រកួតប្រជែង ក៏ដូចជាចូលរួមអនុវត្តនូវអនុសាសន៍នៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។

លោកឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក ប៉ាប្លូ កាំង (Pablo Kang) បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី បានជួយដល់ក្រសួងពាណិជ្ជកម្មកម្ពុជា រួមមានការជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំនួយបច្ចេកទេសដល់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង។ លើសពីនោះទៀត អូស្ត្រាលីក៏កំពុងតែសិក្សា និងគ្រោងនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២១នេះ នូវគម្រោងថ្មីមួយដែលផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច សម្របសម្រួលវិនិយោគ និងពិពិធកម្មពាណិជ្ជកម្មផងដែរ។

ឯកអគ្គរាជទូតអូស្ត្រាលីបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា និងអូស្ត្រាលី ក៏នឹងពិនិត្យលទ្ធភាពក្នុងការពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី ដោយក្នុងនោះឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនដែរថា ក្រុមហ៊ុនអូស្ត្រាលីមួយក៏កំពុងតែសិក្សាលទ្ធភាពវិនិយោគក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារអូស្ត្រាលី៕


ចែករំលែក