ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិប្រចាំនៅក្នុងខេត្តកំពង់ស្ពឺដែលមានតម្លៃជាង២លានដុល្លារ បានចាប់ផ្ដើមដំណើរការសាងសង់ជាជំហានដំបូងហើយក្រោយការសិក្សា និងកំណត់យកប្លង់មេកាលពីដើមខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា គម្រោងសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិ និងលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានចាប់ផ្តើមអនុវត្តជាបណ្តើរហើយ។
លោកបានបន្តថា “ពេលនេះប្លង់មេរួមនៃគម្រោងត្រូវបានកំណត់ និងសម្រេចរួចហើយ នៅឡើយតែប្លង់រចនា និងរៀបចំផ្នែកខាងក្នុង ដែលកំពុងតែសិក្សាលម្អិតបន្ថែម ដើម្បីប្រាកដថា មានភាពសោភ័ណភាព និងគុណភាពខ្ពស់ក្រោយពេលសាងសង់។ ជំហានដំបូងនេះ យើងគ្រាន់តែចាប់ផ្តើមសាងសង់របងនៅជុំវិញស្តាត រួមជាមួយនឹងការកំណត់ទីតាំងនៃបង្គោលគ្រឹះតែប៉ុណ្ណោះ”។
លោកអភិបាលខេត្តបានបញ្ជាក់ថា “ប្លង់មេនៃរចនាសម្ព័ន្ធខាងក្រៅយើងបានកំណត់រួចរាល់ ប៉ុន្តែផ្នែកខាងក្នុងនៅមិនទាន់បានសម្រេច១០០ភាគរយនោះទេ ដែលរហូតមកដល់ពេលនេះ ឯកឧត្តមតំណាងរាស្ត្រ លោកកំពុងតែពិនិត្យ និងសិក្សាជាមួយក្រុមអ្នកជំនាញ ប៉ុន្តែការសិក្សានេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ហើយពេលនេះយើងបានចាប់ផ្តើមដាក់ជាង និងកម្លាំងជំនាញសាងសង់ហើយ ដោយឡែករយៈពេលប៉ុន្មានខែទើបអាចបញ្ចប់ការសាងសង់ខ្ញុំនៅមិនទាន់អាចកំណត់បាននោះទេ ទាល់តែប្លង់រចនាខាងក្នុងចេញ ទើបអាចឱ្យអ្នកជំនាញវាយតម្លៃបាន”។
គម្រោងសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិប្រចាំនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅលើផ្ទៃដីទំហំ៤ហិកតា ។ គម្រោងកីឡដ្ឋានដែលមានតម្លៃជាង២លានដុល្លារមួយនេះ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ ៕







