រដ្ឋាភិបាលគាំទ្រឲ្យរោងចក្រកាត់ដេរបង្វែរមកផលិតម៉ាស និងសម្ភារៈការពារជំងឺCovid-19 សម្រាប់នាំចេញ

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានប្រកាសគាំទ្រ និងលើកទឹកចិត្តឱ្យបណ្តារោងចក្រកាត់ដេរ ចូលរួមធ្វើការផលិតម៉ាសគ្រប់ប្រភេទ សម្ភារៈពេទ្យ និងសម្លៀកបំពាក់សម្រាប់ការពារជំងឺឆ្លង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ ខណៈរោងចក្រមួយចំនួនប្រឈមនឹងការព្យួរ និងបិទជាបណ្តោះអាសន្នដែលបង្កឡើងដោយជំងឺ Covid–19។

នេះបើយោងតាមលិខិតរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួ​ងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  តបទៅនឹងសំណើរសមាគមរោងចក្រកាត់ដេរកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២០នេះ។

លោក អូន ព័ន្ធមុនីរ័ត្នបានឱ្យដឹងថា “យោងតាមសំណើរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ ដែលកម្ពុជា និងសាកលលោ​កកំពុងមានតម្រូវការម៉ាសគ្រប់ប្រភេទ សម្ភារៈពេទ្យ និងសម្លៀកបំពាក់សម្រាប់ការពារជំងឺឆ្លង រាជរដ្ឋាភិបាលកម្ពុជាគាទ្រ និងលើកទឹកចិត្តឲ្យបណ្តារោងចក្រកាត់ដេរនៅកម្ពុជា ចូលរួមធ្វើការផលិតម៉ាសគ្រប់ប្រភេទ សម្ភារៈពេទ្យ និងសម្លៀកបំបាក់សម្រាប់ការងារជំងឺឆ្លង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបម្រើការនាំចេញ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា  (GMAC) បានឱ្យដឹងកាលពីចុងសប្តាហ៍មុននេះថា មានរោងចក្រចំនួន១៨០ បានប្រកាសព្យួរការងារកម្មករ និងមានកម្មករនិយោជិតជាច្រើនម៉ឺននាក់ ត្រូវបានប៉ះពាល់ការងារ និងរោងចក្រចំនួន៦០ផ្សេងទៀត នឹងព្យួរផលិ​តកម្មនាពេលខាងមុខនេះ ដែលបង្កឡើងដោយជំងឺCovid-19។

ក្រសួងសុខាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ៧លានដុល្លារ លើការទិញម៉ាស់ សម្ភារៈពេទ្យ និងបរិក្ខារមួយចំនួន ដើម្បីផ្ដល់ជូនដល់គ្រប់២៥ខេត្ត–ក្រុង សម្រាប់ការពារពីជំងឺកូវីដ១៩ ខណៈកម្ពុជានឹងទទួលបាន១១លានម៉ាស់គ្រប់តាមផែនការដែលបានដាក់ចេញដោយរដ្ឋាភិបាលនៅដើមខែឧសភានេះ៕


ចែករំលែក