ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាល តាមរយៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធសាស្ត្រចរចា និងឈានទៅរកបង្កើតកិច្ចសន្យាព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដូចជា កូរ៉េ ចក្រភពអង់គ្លេស សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា។
បន្ទាប់ទទួលបានផ្លែផ្កាលើកិច្ចចរចាបង្កើតកិច្ចសន្យាព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន កាលពីពេលថ្មីៗនេះ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាថ្មី និងដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារនៃក្រុមការងារនីមួយលើការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
លោករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងអង្គប្រជុំថា ការរៀបចំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូ ជាការងារចម្បងដែលរាជរដ្ឋាភិបាលបានប្រគល់ជូនមកក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជា។
លោកបានបន្តឱ្យដឹងទៀតថា ការងារនេះត្រូវបានកំណត់នៅក្នុងបរិស្ថានគ្របដណ្ដប់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល ដែលបានកំណត់ថា ដំណើរឈានឡើងទៅមុខរបស់កម្ពុជា គឺត្រូវទាមទារឱ្យមានការរិះរកមធ្យោបាយ និងបន្តខិតខំពង្រឹងសមត្ថភាពធ្វើសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ជាក់ស្ដែងការធ្វើសមាហរណកម្មទាំងនេះ គឺក្នុងគោលបំណងពង្រីក និងបើកច្រកចូលទីផ្សារសម្រាប់ការនាំចេញឲ្យកាន់តែធំទូលាយថែមទៀត ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈអចិន្ត្រៃយ៍ ជាជាងពឹងផ្អែកលើការអនុគ្រោះពាណិជ្ជកម្មក្នុងលក្ខណៈទ្វេភាគី ដែលអាចនឹងងាយបាត់បង់ទៅវិញ។
ជាមួយគ្នានេះ លោកក៏ បានសម្តែងនូវសេចក្ដីរីករាយដែលបានឃើញការងារចរចា និងការសិក្សាមួយចំនួន ដែលបានចាប់ផ្ដើមរួចហើយបានទទួលនូវផ្លែផ្កាជាទីគាប់ចិត្ត រួមមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការសិក្សារួមលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងការពិភាក្សាជាមួយនឹងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ ចំពោះក្រុមការងារដែលមិនទាន់បានចាប់ផ្ដើមការងាររបស់ខ្លួននៅឡើយ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យចាប់ផ្ដើមការងាររបស់ខ្លួនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយគិតគូរ និងរៀបចំផែនការសកម្មភាពរបស់ខ្លួនឱ្យបានច្បាស់លាស់។
សូមជម្រាបជូនថា ក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី មានក្រុមការងារចំនួន ៨ ក្រុមទទួលបន្ទុកប្រទេស រួមមាន៖ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា។






