សេដ្ឋវិទូៈ អង់គ្លេសកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក

ចែករំលែក

ដោយ ប៊ី

អន្តរជាតិៈ អធិការបតីអង់គ្លេស (មន្ត្រីជាន់ខ្ពស់) បាននិយាយថា ចក្រភពអង់គ្លេសកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ខណៈតួលេខបង្ហាញថា សេដ្ឋកិច្ចប្រទេសនេះ បានធ្លាក់ចុះក្នុងល្បឿនលឿនបំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចសកល។

សេដ្ឋកិច្ចអង់គ្លេសបានធ្លាក់ចុះ២ភាគរយ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ ២០២០ ដោយសារជំងឺ COVID-19 បានបង្ខំឱ្យប្រទេសនេះបិទទ្វារ និងធ្លាក់ចូលក្នុងស្ថានភាពជាប់គាំង។

លោក Rishi Sunak អធិការបតីអង់គ្លេស បានប្រាប់ BBCក្នុងសប្តាហ៍នេះថា គ្រាន់តែប៉ុន្មានថ្ងៃនៃផលប៉ះពាល់ពីជំងឺនេះ កាលពីខែមីនាបានជំរុញឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។

ក្រុមសេដ្ឋវិទូរំពឹងថា សេដ្ឋកិច្ចប្រទេសអង់គ្លេស នឹងរងការធ្លាក់ចុះកាន់តែខ្លាំងនៅក្នុងត្រីមាសទី២នេះ។

លោកSunak បានមានប្រសាសន៍ថា “ឥឡូវនេះសេដ្ឋកិច្ចចក្រភពអង់គ្លេស នឹងប្រឈមមុខនឹងការធ្លាក់ចុះ ដ៏គួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ហើយយើងកំពុងស្ថិតនៅពាក់កណ្តាលផ្លូវក្នុងការឆ្ពោះទៅរកវិបត្តិនោះ”។

ការធ្លាក់ចុះប្រចាំត្រីមាសដំបូង ត្រូវបានជំរុញដោយការធ្លាក់ចុះ នៃទិន្នផលសេដ្ឋកិច្ចកាលពីខែមីនា និងបន្ទាប់ពីសេដ្ឋកិច្ចបានធ្លាក់ចុះ នៅត្រីមាសចុងក្រោយនៃឆ្នាំ ២០១៩។

លោកស្រី Ruth Gregory សេដ្ឋវិទូជាន់ខ្ពស់អង់គ្លេសនៅCapital Economics បាននិយាយថា តួលេខបានបង្ហាញថា សេដ្ឋកិច្ចចក្រភពអង់គ្លេស “បានធ្លាក់ចុះរួចទៅហើយក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីការបិទទ្វារប្រទេសចូលជាធរមាន”។

លោកស្រីបានបន្ថែមទៀតថា “ជាមួយនឹងការរឹតបន្តឹងរហូត ដល់ពាក់កណ្តាលខែឧសភា ហើយបន្ទាប់មកបានកើនឡើងបន្តិច សេដ្ឋកិច្ចនៅខែមេសានេះ នឹងកាន់តែអាក្រក់ទៅៗ”៕


ចែករំលែក