ដោយ ប៊ី
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងចិនត្រូវបានរំពឹងថានឹងបញ្ចប់នៅខែក្រោយ ខណៈប្រទេសចិនជាប្រទេសដំបូងគេដែលចរចា FTA ជាមួយកម្ពុជា។ នេះបើយោងតាមការអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម។
អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា បានជាមួយនឹងកិច្ចចរចាជុំទី ២ ដែលបានសម្រេចជាលទ្ធផលជាច្រើនកាលពីខែមុន កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងត្រូវបញ្ចប់នៅខែក្រោយ។
កម្ពុជា-ចិន បានចាប់ផ្តើមបើកកិច្ចចរចារព្រមព្រៀងពាណិជ្ជកម្មសេរីក្នុង ដំណាក់កាលទី២ ក្រោមទម្រង់វីឌីអូពីចម្ងាយ(Video Conference) ដើម្បីពន្លឿនការចុះហត្ថលេខាជាផ្លូវការនាពេលខាងមុខនេះ។ ភាគីទាំងពីរនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសេដ្ឋកិច្ច ពាណិជ្ជកម្មអេឡិចត្រូនិច និងបញ្ហាច្បាប់មួយចំនួន ដោយផ្អែកលើខ្លឹមសារកុងសុងស៊ីដែលបានសម្រេចយ៉ាងទូលំទូលាយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណ ងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។
ការឈានដល់ដំណាក់កាល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការវិវត្តន៍យ៉ាងឆាប់រហ័សនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ស្អិតរមួត និងរឹងមាំរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលបច្ចុប្បន្នបានឈានដល់កិច្ចសហប្រតិបត្តិការភាព ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងពីរ លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្ម និងការបង្កើតឱកាសការងារ។
កិច្ចព្រមព្រៀងនឹងផ្តល់ឱ្យកម្ពុជានូវភាពកាន់តែសំបូរបែប ក្នុងការនាំចេញផលិត ផលរបស់ខ្លួន ទៅកាន់ទីផ្សាររបស់ចិនទាំងបរិមាណ និងមុខទំនិញ តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធប្រសើរជាងមុន។ បន្ថែមពីនេះកិច្ចព្រមព្រៀងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការជួលសម្រួល និងកាត់បន្ថយបែបបទ នីតិវិធី និងវិធានការនានាដែលមិនចាំបាច់ និងធ្វើឱ្យរាំងស្ទះដល់លំហូរពាណិជ្ជកម្មទំនិញ។

កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកបង្កលក្ខណៈងាយស្រួល ដល់វិនិយោគិនដែលមានស្រាប់ ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន និងទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា ដែលនឹងបង្កើតការងារថ្មី បន្ថែមជួនប្រជាពលរដ្ឋ តាមរយៈការកែលម្អកិច្ចការពាក់ព័ន្ធ និងសម្រួលការវិនិយោគ។
កត្តាទាំងអស់នេះ នឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាពន្លឿនដំណើរការ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ជុំទី១ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ ២០២០ នៅទីក្រុងប៉េកាំង៕






