សម្តេចតេជោឲ្យអាជ្ញាធរផ្អាកភោជនីយដ្ឋានណាដែលមិនគោរពតាមការណែនាំ អំពីវិធានលើការប្រយុទ្ឋCovid-19

ចែករំលែក

ដោយគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរ ឱ្យចុះពិនិត្យភោជនីយដ្ឋានទាំងឡាយណា បើភោជនីយដ្ឋានណាមិនអនុវត្តន៍តាមវិធានអនាម័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឬទប់ស្កាត់មិនឱ្យជំងឺនេះរីករាលដាលទេនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះក្នុងពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កញ្ញារីទ្ធបានដកស្រង់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីមកបញ្ជាក់លើហ្វេសប៊ុកយ៉ាងដូច្នេះថា “សម្តេចបានអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យអនាម័យតាមភោជនីយដ្ឋាន។ បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្តអាចបិទជាបណ្តោះអាសន្នរហូតរៀបចំមានអនាម័យហើយចាំអនុញ្ញាតឱ្យបើកជាថ្មីវិញ”។

បើទោះបីកម្ពុជាបានព្យាបាលអ្នកជំងឺជាជិតអស់ និងរយៈពេលប្រមាណ៣២ថ្ងៃហើយមិនមានអ្នកឆ្លងជំងឺថ្មីយ៉ាងណាក្តី តែអ្នកជំនាញក្រសួងសុខាភិបាល នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ ដ្បិតថាជំងឺនេះមិនទាន់រលាយរលត់ពីលើពិភពលោកនៅឡើយនោះទេ៕


ចែករំលែក