ដោយវុត្ថា
សៀមរាប៖ គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបបានដាក់ចេញនូវផែនការគន្លឹះមួយចំនួន ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិមកទស្សនានៅខេត្តសៀមរាប ដើម្បីជួយជ្រោមជ្រែងដល់អ្នកពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ស្របពេលដែលវិបត្តិនៃជំងឺកូវីដ១៩ កំពុងបន្តជះឥទ្ធិពលយ៉ាងអាក្រក់ដល់ដំណើរការអាជីវកម្មនានាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដូចជា វិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាដឹកជញ្ជូនជាដើម។
យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបដែលត្រូវបានផ្សាយនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០ឱ្យដឹងថា យន្តការគន្លឹះដែលគណៈកម្មការគ្រោងដាក់ចេញដូចជា ជំរុញឲ្យបណ្តាស្រុក ជាពិសេស ស្រុកដែលមានសក្តានុពលទេសចរណ៍ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលដៅទេសចរណ៍របស់ខ្លួនតាមរយៈមធ្យោបាយងាយៗដូចជាបណ្តាញហ្វេសបុកជាដើម ការជំរុញឲ្យមានកម្មវិធីទេសចរណ៍ខ្នាតតូចដូចជា បោះតង់ ជិះកង់កម្សាន្ត ការរៀបចំសម្អាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងស្តង់ដារចំណីអាហារដែលធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ជាដើម។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបបានថ្លែងថា ស្ថានភាពបច្ចុប្បន្ន យើងមិនអាចរង់ចាំភ្ញៀវទេសចរអន្តរជាតិនោះទេ តែត្រូវរិះរកវិធីសាស្ត្រយ៉ាងណាឲ្យភ្ញៀវជាតិមកទស្សនាតំបន់ទេសចរណ៍ឲ្យបានច្រើន។ ទោះមិនអាចជំនួសភ្ញៀវទេសចរអន្តរជាតិបាន តែភ្ញៀវទេសចរជាតិអាចជួយជំរុញឲ្យសេវាកម្មទេសចរណ៍នានាឲ្យដំណើរការបានមួយចំនួនផងដែរ។
លោក សុខ សង្វារ អគ្គនាយករង និងជាអនុប្រធានគណៈកម្មការបានគាំទ្រនូវយន្តការដែលអង្គប្រជុំបានលើកឡើង ដើម្បីជំរុញឲ្យចលនាទេសចរណ៍ក្នុងចំណោមភ្ញៀវជាតិ។ ទោះជាយ៉ាងណា លោកបានជំរុញឱ្យការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ គឺត្រូវគិតគូរដល់ការបង្ការពីការរីករាលនៃជំងឺ Covid-19 ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយសារតែជំងឺនេះមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនោះទេ។
ជាមួយគ្នានេះ លោក សុខ សង្វារ ក៏បានជំរុញឲ្យបង្កើតក្រុមការងារតូចមួយក្នុងចំណោមគណៈកម្មការនេះ ដើម្បីសិក្សាស្រាវជ្រាវបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ ដែលគេបានរៀបចំឡើងក្នុងវិបត្តិកូវីដនេះដែរ។ ជាពិសស ឆ្លៀតឱកាសប្រែក្លាយបញ្ហានេះទៅជាឱកាស ដើម្បីរៀបចំគោលដៅទេសចរណ៍របស់យើងដូចជា បញ្ហាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលបុគ្គលិក មគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។
លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងដែរថា សម្រាប់សេវាកម្មសណ្ឋាគារនៅក្នុងខេត្តសៀមរាបរហូតមកដល់ពេលនេះ មានចំនួន ១៤៨ សណ្ឋាគារត្រូវបានបិទ ហើយបានប៉ះពាល់ដល់បុគ្គលិកបំរើសេវាកម្មទេសចរណ៍ប្រមាណ ៨ម៉ឺននាក់ ដោយសារបញ្ហាជំងឺCovid-19 ។
រដ្ឋាភិបាលកាលពីកន្លងមកនេះ បានដាក់ចេញវិធានការណ៍លើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ (រដ្ឋទទួលបន្ទុកពន្ធជំនួស) ដែលកំពុងប្រតិបត្តិការណ៍នៅក្នុងខេត្តសៀមរាប និង ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០។
យ៉ាងណាក៏ដោយ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ-អាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ៕






