ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសឱ្យបន្តការផ្អាកជាបណ្តោះអាសន្ននូវទីតាំងជួបប្រមូលផ្តុំមនុស្សមួយចំនួន ដែលអាចប្រឈមទៅនឹងការចម្លងមេរោគ នៃជំងឺ Covid-19 ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតាមសាលារៀន កន្លែងហាត់ប្រាណ ក្លិបកម្សាន្ត ខារ៉ាអូខេ រួមទាំងការជួបជុំសាសនានានា ត្រូវតែបន្តពន្យារ និងផ្អាក។
សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហាក់ដូចជាវិលត្រឡប់មកភាពប្រក្រតីវិញហើយនៅកន្លែងខ្លះ ក៏ប៉ុន្តែយើងមិនត្រូវបន្ធូរបន្ថយពេក ហើយក៏មិនត្រូវរឹតបន្តឹងពេកដែរ។
សម្តេចតេជោបានបញ្ជាក់ទៀតថា សាលារៀន កន្លែងហាត់ប្រាណ ក្លិបរាត្រី ខារ៉ាអូខេ និងការប្រារព្ធពិធីជួបជុំសាសនាធំៗនៅតែផ្អាកជាបន្តទៀតសិន ពីព្រោះដេីម្បីទប់ស្កាត់ការកេីតឡេីងវិញនូវរលកទី២។
សម្តេចតេជោ បានលេីកយកឧទាហរណ៍នៅប្រទេសវៀតណាមនៅតែមានការឆ្លង ហេីយជាករណីឆ្លងនាំចូលពីក្រៅប្រទេស។ កម្ពុជានៅតែរឹតបន្តឹងការវិលត្រឡប់មកពីក្រៅប្រទេស និងសូម្បីតែពលរដ្ឋកម្ពុជាខ្លួនឯងដែលវិលត្រឡប់ពីក្រៅក៏នៅតែអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាល។
កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចប្រកាសឱ្យផ្អាកដំណើរការនូវទីកន្លែងប្រមូលផ្តុំ និងជួបជុំមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង Covid-19 នៅកម្ពុជា ដែលក្នុងនោះរួមមាន មណ្ឌលហាត់ប្រាណ សាលារៀន ក្លិបកម្សាន្ត បៀរហ្គាឌិន ខារ៉ាអូខេ និងការជួបជុំពិធីសាសនា ជាដើម៕






