ដោយ ប៊ី
ភ្នំពេញ៖ សេដ្ឋកិច្ចសកលអាចរងការខាតបង់ចន្លោះពី ៥,៨ ទ្រីលានដុល្លារ ទៅ៨,៨ ទ្រីលានដុល្លារអាមេរិក ស្មើនឹង ៦,៤ ភាគរយ ទៅ ៩,៧ ភាគរយ នៃផលិតផលក្នុងស្រុកសរុបទូទាំងពិភពលោក។
ការរងផលប៉ះពាល់នេះគឺបណ្តាលពីជំងឺរាតត្បាតថ្មី COVID-19។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយកាលពីយប់ម្សិលមិញ។
របាយការណ៍ (វាយតម្លៃចុងក្រោយនៃផលប៉ះពាល់សេដ្ឋកិច្ចសក្តានុពលនៃ COVID-19) បានរកឃើញថា ការខាតបង់សេដ្ឋកិច្ចនៅអាស៊ី និងប៉ាស៊ីហ្វិកអាចមានចាប់ពី ១,៧ ទ្រីលានដុល្លារក្នុងរយៈពេលខ្លីពី ៣ ខែទៅ ២,៥ ទ្រីលានដុល្លារក្នុងរយៈពេល ៦ ខែ។ តំបន់នេះមានចំនួនប្រហែល ៣០ ភាគរយ នៃការធ្លាក់ចុះជារួមនៃទិន្នផលសកល។
សាធារណរដ្ឋប្រជាមានិតចិនអាចនឹងរងការខាតបង់រវាង ១,១ ទ្រីលានដុល្លារ និង ១,៦ ទ្រីលានដុល្លារ។ លទ្ធផលនៃការវិភាគថ្មីបានបង្ហាញនៅក្នុងទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២០ ដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែមេសាដែលបានប៉ាន់ប្រមាណថា ការចំណាយជាសកលបណ្តលមកពីជំងឺ COVID-19 ចន្លោះ ២,០ ពាន់ពាន់លានដុល្លារដល់ ៤,១ ពាន់ពាន់លានដុល្លារ។
រដ្ឋាភិបាលនានានៅជុំវិញពិភពលោកបានឆ្លើយតបយ៉ាងរហ័សទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាត ដោយ អនុវត្តន៍វិធានការនានា ដូចជាការបន្ធូរបន្ថយសារពើពន្ធ និងរូបិយវត្ថុ ការចំណាយលើសុខភាព និងការគាំទ្រដោយផ្ទាល់ ដើម្បីទូទាត់ការខាតបង់ចំណូល និងប្រាក់ចំណូល។

ការខិតខំប្រឹងប្រែងប្រកបដោយចីរភាពពីរដ្ឋាភិបាលផ្តោតលើវិធានការណ៍ទាំងនេះអាចធ្វើឱ្យមានភាពធូរស្រាលដល់សេដ្ឋកិច្ចសកល ដែលថយចុះពី ៣០ ទៅ ៤០ ភាគរយ។ ប្រការនេះអាចកាត់បន្ថយការខាតបង់សេដ្ឋកិច្ចពិភពលោក ដោយសារជំងឺរាតត្បាតដល់ចន្លោះពី ៤,១ ទ្រីលានដុល្លារនិង ៥,៤ ទ្រីលានដុល្លារ។
ការវិភាគ ដែលប្រើគំរូវិភាគពាណិជ្ជកម្មសកលដែលអាចគណនាបានដោយ គ្របដណ្តប់លើសេដ្ឋកិច្ចចំនួន ៩៦ ដែលទទួលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺខាងលើ ដែលមានអ្នកឆ្លងជាង ៤ លានករណី។ បន្ថែមលើផលប៉ះពាល់ដល់វិស័យទេសចរណ៍ ការប្រើប្រាស់ ការវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្ម និងផលិតកម្មដែលគ្របដណ្តប់នៅក្នុងការប៉ាន់ស្មានរបស់របាយការណ៍ ADO ២០២០។
របាយការណ៍ថ្មីនេះ រួមបញ្ចូល បណ្តាញបញ្ជូន ដូចជាការកើនឡើងថ្លៃដើមពាណិជ្ជកម្មប៉ះពាល់ដល់ការចល័ត ទេសចរណ៍ និងឧស្សាហកម្មដទៃទៀត ការរំខានផ្នែកផ្គត់ផ្គង់ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់លទ្ធផល និងការវិនិយោគ និងការឆ្លើយតបគោលនយោបាយរបស់រដ្ឋាភិបាលដែលកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសកល៕






