ដោយវុត្ថា
ភ្នំពេញ៖ រហូតមកដល់ពេលនេះ មានរោងចក្រសហគ្រាសកាត់ដេរ និងដេរស្បែកជើង ប្រមាណ ២០០ បានប្រកាសព្យួរការងារដែលធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជិតប្រមាណ១៥ម៉ឺននាក់ដែលកំពុងបំរើនៅក្នុងវិស័យនេះ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ។
លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពីធីបើកវគ្គបណ្តុះបណ្តាលជំនាញទន់ដល់កម្មករព្យួរកិច្ចសន្យាការងារកាលពីថ្ងៃទី១៥ ឧសភា ម្សិលមិញនេះ ឱ្យដឹងថា ក្នុងការដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការទូទៅ សម្រាប់ជួយដល់កម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់ និងបញ្ហាប្រឈមនានាដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។
លោកបន្តថា ក្នុងការដោះស្រាយបញ្ហានេះ រួមមាន ការលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញផ្ទះតម្លៃ ក្រោម៧ម៉ឺនដុល្លារអាមេរិក ការស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានពន្យារពេលការបង់រំលោះ អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុញ្ញាតឱ្យកម្មករនិយោជិតជំពាក់ ការបង់ថ្លៃសេវាប្រើប្រាស់ ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារ ព្រមទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុធ្វើការបន្ធូរបន្ថយការប្រាក់ និងពន្យារពេលការសងប្រាក់ដើម។
លោកបន្ថែមទៀតថា លើសពីនេះ រាជរដ្ឋាភិបាលក៏បានត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ក្នុងការដោះស្រាយបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគាំទ្រនិងលើកទឹកចិត្តឲ្យបណ្តារោងចក្រកាត់ដេរនៅកម្ពុជាងាកមកផលិតម៉ាស់គ្រប់ប្រភេទ សម្ភារៈពេទ្យនិងសំលៀកបំពាក់ការពារជំងឺឆ្លងដើម្បីបម្រើការនៅក្នុងស្រុកនិងសម្រាប់ការនាំចេញផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍កន្លងមកនេះឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ថវិកាបដិភាគប្រមាណ ៤០ ដុល្លារអាមេរិក និង រោងចក្រសហគ្រាស ប្រមាណ ៣០ ដុល្លារអាមេរិក សរុប ៧០ដុល្លារអាមេរិកដល់កម្មករ និយោជិតដែលកំពុងជួបបញ្ហាក្នុងអំឡុងពេលដែលមានវិបត្តិនេះ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានគូសញ្ជាក់កន្លងមកនេះដែរថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ ដែលជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មផ្សេងៗទៀតនៅកម្ពុជា បាន និងកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺ Covid-19។
ជាមួយគ្នានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានស្នេីដល់បណ្តាម្ចាស់អាគារជួលឱ្យរោងចក្រ សហគ្រាសនានាពិចារណាក្នុងការបញ្ចុះតម្លៃឱ្យបានកម្រិតច្រើន ដែលតិចបំផុតត្រឹម៣០ភាគរយនៃតម្លៃជួលសរុប សម្រាប់រយៈ៣-៦ខែ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយទ្រទ្រង់ដល់វិស័យមួយនេះ និងស្ដារសេដ្ឋកិច្ចនៅកម្ពុជា ដែលកំពុងប្រឈមជាមួយនឹងវិបត្តិនៃជំងឺសាកលនៅពេលបច្ចុប្បន្ន៕






