ដោយ ប៊ី
ភ្នំពេញ៖ ធនាគារវិនិយោគអឺរ៉ុប EIB ទទួលបានជំនួយ ១២,៧ លានអឺរ៉ូពីសហភាពអឺរ៉ុបសម្រាប់សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅសង្កាត់បាក់ខែង និងបណ្តាញចែកចាយទឹក ៥០០ គីឡូម៉ែត្រនៅរាជធានីភ្នំពេញ។
ហេដ្ឋារចនាសម្ព័ន្ធនឹងនាំមកនូវសុវត្ថិភាពទឹកផឹកនិងលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនចំនួន ៧០០,០០០ នាក់ ដែលមកពីតំបន់ក្រីក្រមួយចំនួននៅក្នុងទីក្រុង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារវិនិយោគអឺរ៉ុប EIB នៅថ្ងៃនេះ។
ជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុបនឹងពង្រីកបណ្តាញចែកចាយទឹកទៅដល់តំបន់ក្រីក្របំផុតនៅទីក្រុង។ វាបំពេញបន្ថែមនូវការវិនិយោគដែលមានទឹកប្រាក់ ១៨៥ លានអឺរ៉ូពីធនាគារវិនិយោគអឺរ៉ុប (EIB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD។ ជាមួយការលាយបញ្ចូលគ្នានៃធនាគារ EIB ភ្នាក់ងារ AFD និងហិរញ្ញប្បទានសហគមន៍អឺរ៉ុបនឹងផ្តល់ទឹកស្អាតដល់ទីក្រុងភ្នំពេញ ដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលតម្រូវការសម្រាប់ទឹកស្អាតត្រូវបានរំពឹងថានឹងកើនឡើងជិតទ្វេដងពីតម្រូវការបច្ចុប្បន្ននៅឆ្នាំ ២០៣០។
គ្រួសារប្រហែល ៨៦ ០០០ គ្រួសារនៅតាមសង្កាត់ក្រីក្របំផុតមួយចំនួននៅភ្នំពេញនឹងទទួលបានទឹកស្អាតប្រើប្រាស់ជាលើកដំបូងមិនធ្លាប់មាន ហើយជួយកាត់បន្ថយប្រភេទជំងឺមួយចំនួនឱ្យបាន ២៦ ភាគរយ។ គម្រោងនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់គ្រួសារក្រីក្របំផុត ព្រោះវានឹងកាត់បន្ថយការចំណាយប្រចាំថ្ងៃលើពិសារទឹកប្រចាំថ្ងៃ។ សព្វថ្ងៃប្រជាជនកម្ពុជាជិត ៧០ ភាគរយមិនមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រួមទាំង ២៨ ភាគរយ នៃប្រជាជនរស់នៅភ្នំពេញ។
លោក Andrew McDowell អនុប្រធាននៃធនាគារ EIB បានមានប្រសាសន៍ថា “ធនាគារEIB សូមស្វាគមន៍ការផ្តល់ជំនួយរបស់សហភាពអឺរ៉ុបសម្រាប់គម្រោងផ្គត់ផ្គង់ទឹកបាក់ខែង ព្រោះវានឹងធ្វើអោយប្រសើរឡើងនូវគុណភាពនៃការរស់នៅរបស់ប្រជាជនរាប់ពាន់នាក់នៅក្នុងទីក្រុង។
លោក Andrew បានបន្តថា “គម្រោងនេះបង្ហាញពីអំណាចនៃកិច្ចសហប្រតិបត្តិការអឺរ៉ុប និងសាមគ្គីភាពជាមួយប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន។ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់អំណាចដល់យើង ដើម្បីពង្រឹងភាពជាដៃគូ និងការគាំទ្ររបស់ EIB នៅក្នុងប្រទេសដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា”។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “ទឹកគឺជាប្រភពដ៏សំខាន់នៃជីវិត ហើយការទទួលបានទឹកគឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ហើយការរស់នៅដោយគ្មានទឹកស្អាតអាចបណ្តាលឱ្យមានជំងឺ និងភាពក្រីក្រ ហើយវាក៏ជាការគំរាមកំហែងដល់សុខភាពសាធារណៈផងដែរ”។
លោកស្រី បានបន្ថែមថា “គម្រោងទឹកស្អាតបាក់ខែងគឺជាគម្រោងវិនិយោគធំបំផុតរបស់អឺរ៉ុបនៅកម្ពុជាដែលផ្តល់ហិរញ្ញប្បទានដោយដៃគូអឺរ៉ុប និងកម្ពុជាជាច្រើនដែលក្នុងនោះជំនួយឥតសំណងរបស់សហភាពអឺរ៉ុបនឹងជួយធានាដល់សិទ្ធិរបស់សហគមន៍ក្រីក្រនៅភ្នំពេញ ក្នុងការទទួលបានទឹកស្អាត និងតម្លៃសមរម្យ”៕






