ដោយ ប៊ី
ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជំរុញប្រទេសជាសមាជិក (G7) រក្សាការប្រាស្រ័យទាក់ទងគ្នា និងលំហូរពាណិជ្ជកម្ម ដែលគាំទ្រកំណើនសេដ្ឋកិច្ចពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ជាជាងផ្តោតលើភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនដែលបានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះកំឡុងពេលនេះ។

នៅពេលត្រូវបានសួរអំពីភាពតានតឹងជាថ្មីរវាងសហរដ្ឋអាមេរិក និងចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង២ នៅលើពិភពលោកលោកស្រី Kristalina Georgieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា លោកស្រីកំពុងជំរុញប្រទេសជាសមាជិក(G7) ឱ្យរក្សាការប្រាស្រ័យទាក់ទងគ្នា និងលំហូរពាណិជ្ជកម្ម ដែលគាំទ្រកំណើនសេដ្ឋកិច្ចពិភពលោក អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
ប្រទេស G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងអាមេរិក។
លោក Georgieva បានមានប្រសាសន៍ថា “យើងចាំបាច់ត្រូវរក្សាលំហូរពាណិជ្ជកម្មឱ្យបើកចំហ ជាពិសេសសម្រាប់ការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងស្បៀងអាហាររយៈពេលវែងដើម្បីស្វែងរកវិធី ដើម្បីជំនះនូវអ្វីដែលកំពុងកើតឡើង កំឡុងពេលវិបត្តិនេះ” ។ លោកបន្តថា “យើងចង់បន្តកសាងអនាគត ប្រកបដោយវិបុលភាពសម្រាប់ទាំងអស់គ្នា ដោយជម្នះវិបត្តិជំងឺCOVID-19នេះ” ។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមន្ត្រីទាំងសងខាងបានស្នើកិច្ចព្រមព្រៀងដ៏លំបាកមួយ នៃសង្គ្រាមពាណិជ្ជកម្មរយៈពេល១៨ខែដ៏ជូរចត់ ដែលអាចត្រូវបានគេបោះបង់ចោលជាច្រើនខែ បន្ទាប់ពីវាត្រូវបានចុះហត្ថលេខា។
លោកស្រី Georgieva បានព្រមានប្រឆាំងនឹងការវិលត្រឡប់ ចូលទៅក្នុងរបបគាំពារនិយម។
លោកស្រីបានប្រាប់សារព័ត៌មានរ៉យទ័រថា “យើងមិនគួរងាកចេញពីអ្វីដែលបានធ្វើការសម្រាប់ប្រជាជនគ្រប់ទីកន្លែងនោះទេ រួមមាន ការបែងចែកនៃកម្លាំងពលកម្ម និងកិច្ចសហការ និងពាណិជ្ជកម្ម ដែលធ្វើឱ្យតម្លៃទំនិញ និងសេវាកម្មធ្លាក់ចុះ និងភាពក្រីក្រនៅក្នុងប្រទេស និងនៅទូទាំងប្រទេសទាំងអស់ថមថយ” ។
IMF ត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ ដើម្បីលើកកម្ពស់ស្ថេរភាពហិរញ្ញវត្ថុ ជួយសម្រួលដល់ពាណិជ្ជកម្ម និងកាត់បន្ថយភាពក្រីក្រនៅជុំវិញពិភពលោក។
លោកស្រី Georgieva បានបន្ថែមថា IMFបានផ្តល់ហិរញ្ញប្បទានបន្ទាន់ដល់ប្រទេសចំនួន៥៦ ចាប់តាំងពីវិបត្តិបានចាប់ផ្តើម ហើយនឹងសម្រេចលើសំណើ ៤៧បន្ថែមទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អ្នកនាំពាក្យរបស់ IMF បាននិយាយថា ហិរញ្ញប្បទានបន្ទាន់ចំនួន២១ពាន់លានដុល្លារ ដែលមានអត្រាការប្រាក់ទាបបំផុត ត្រូវបានផ្តល់ឱ្យប្រទេសនានា រហូតមកដល់ពេលនេះ។
លោក Georgieva បាននិយាយថាមូលនិធិនេះ ក៏អាចផ្តល់ជំនួយក្នុងការជួយដល់ប្រទេសក្រីក្របំផុត ក្នុងការទូទាត់ការផ្តល់សេវាបំណុលរបស់ពួកគេទៅឱ្យ IMF រហូតដល់ចុងឆ្នាំ បន្ទាប់ពីការប្តេជ្ញាចិត្តផ្តល់ប្រាក់កម្ចីថ្មីពីសមាជិករបស់ខ្លួន៕ Economic Times






