អភិបាលរងខេត្ត ៖ ខេត្តប៉ៃលិនមានការអភិវឌ្ឍប្រែប្រួលគ្រប់វិស័យ

ចែករំលែក

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តប៉ៃលិន បានអះអាងថា ខេត្តប៉ៃលិននាពេលបច្ចុប្បន្ននេះ មិនដូចគ្រាក្រោយរំដោះនោះទេ ពោលគឺខេត្តមួយនេះមានការរីកចំរើនស្ទើរគ្រប់វិស័យ ជាពិសេសលំនៅឋានរបស់ប្រជាពលរដ្ឋដែលបានសាងសង់ជាប្រភេទផ្ទះវីឡាស្ទើរគ្រប់ទីកន្លែងនៅក្នុងខេត្តតាមបណ្តោយផ្លូវជាតិសំខាន់ៗ។

លោក ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន នៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នេះថា បច្ចុប្បន្ននេះនៅក្នុងខេត្តប៉ៃលិនមានភាពរីកចំរើន និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ដែលកាលពីមុនមានតែផ្ទះឈើ និងស្បូវ ប៉ុន្តែឥឡូវមានលំនៅឋានធំៗស្អេកស្កះ។

លោកបន្តថា “រហូតមកដល់ពេលនេះ បន្ទាប់ពីបញ្ចប់សង្គ្រាម នៅពេលដែលយើងធ្វើដំណើរពីបាត់ដំបងទៅកាន់ខេត្តប៉ៃលិនសម្បូរទៅដោយប្រភេទផ្ទះវីឡាយ៉ាងច្រើន មិនមែនជាប្រភេទផ្ទះថ្ម សសរឥដ្ឋទៀតទេ ហើយការរីកចំរើនទាំងនេះគឺដោយសារតែកត្តាសុខសន្តិភាព ហើយក៏មិនមែនគ្រាន់តែនិយាយដែរ ព្រោះទាំងអស់នេះជាការពិត ហើយរដ្ឋាភិបាលខេត្ត ក៏កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីទាក់ទាញការវិនិយោគ ស្របពេលដែលកំណើននៃចំនួនប្រជាពលរដ្ឋនៅក្នុងខេត្តក៏មានការកើនឡើង”។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្នរដ្ឋបាលខេត្តបានពង្រីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្តឱ្យបានទទឹងទំហំ១៥ ម៉ែតងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ ហើយនៅក្នុងឆ្នាំ២០២០នេះ នឹងបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ និងបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។
លោកថា “សកម្មភាពនេះ គឺដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ និងប្រែក្លាយខេត្តជាប់ព្រំដែនមួយនេះ ដែលធ្លាប់ទទួលរងនូវភ្លើងសង្គ្រាម ឱ្យក្លាយជាខេត្តដែលប្រជាពលរដ្ឋចង់រស់នៅ និងប្រកបមុខរបរផ្សេងៗ”។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា ខេត្តប៉ៃលិនមែនគ្រាន់តែជាខេត្តកសិកម្ម សម្រាប់ធ្វើការនាំចេញ និងផ្គង់ផ្គង់នៅក្នុងស្រុក និងការនាំចេញនោះទេ ប៉ុន្តែខេត្តជាប់ព្រំដែនមួយនេះ ក៏ជាខេត្តគោលដៅទេសចរណ៍ធម្មជាតិមិនចាញ់ខេត្តមណ្ឌលគិរី ដោយមានតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀត សម្រាប់ទាក់ទាញទេសចរទៅលេងកម្សាន្ត ដែលបានទៅម្តងហើយចង់ទៅម្តងទៀត៕


ចែករំលែក