រដ្ឋមន្រ្តីសុខាភិបាលអនុញ្ញាតឱ្យបើកដំណើរការសារៈមន្ទីរនានាជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាឡើងវិញ

ចែករំលែក

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងសុខាភិបាលបានអនុញ្ញាត ឱ្យបើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាឡើងវិញ ដោយចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២០តទៅ ខណៈស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេសមានស្ថានភាពធូស្រាល និងព្យា​បាលជា១០០ភាគរយ។

យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ផ្ញើជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្តសសីល្បៈ លោកស្រី ភឿង សកុណា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០នេះ បញ្ជាក់ថា មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន។

ដើម្បីជៀសវាងនូវហានិភ័យ នៃការចម្លងវីរុស Covid-19 ដូចជា ការស្កេនកម្ដៅភ្ញៀវ មុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល គឺថ្វីត្បិតតែស្ថានភាព COVID-19 នៅក្នុងប្រទេសកម្ពុជានេះ មិនមានរកឃើញករណីឆ្លងថ្មីជាងមួយខែ អ្នកឈឺបានព្យាបាលជាសះស្បើយ១០០ភាគរយ និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្នជាប់ជានិច្ច។ ចំពោះការប្រឈមទៅនឹងការកើតឡើងនូវរលកទី២ នៃការចម្លងវីរុស COVID-19 ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់នយោ​បាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មាន។

រហូតមកដល់ពេលនេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបជាង៤,៩លាននាក់ ដែលក្នុងនោះអ្នកជំងឺចំនួន៣២០,៤៤៨នាក់បានស្លាប់ និង១,៩១៩,១៥១នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះ​ជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺបានកើនដល់ ១៦៤ ប្រទេស និងដែនដីហើយ ដោយប្រទេសកម្ពុជាឈរនៅលេខរៀងទី ១៦២។

កម្ពុជាបានរកឃើញអ្នកឆ្លង COVID-19 សរុបចំនួន១២២នាក់ ក្នុងនោះកម្ពុជាបានព្យាបាលឱ្យជាសះស្បើយទាំងស្រុង នូវអ្នកជំងឺ COVID-19 ទាំង១២២នាក់នេះផងដែរ។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវការឆម្លងជំងឺ COVID-19 មកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត។

យ៉ាងណាក៏ដោយនៅក្នុងលិខិតនេះ មិនបានបញ្ជាក់ពីសាលារៀន ក្លឹបកម្សាន្ត រោងកុន និងខារ៉ាអូខេជាដើម បើកឱ្យដំណើរការនៅពេលនោះទេ ខណៈដែលរដ្ឋាភិបាលបានប្រកាសបិទជាបណ្តោះអាសន្នកាលពីន្លងមកនេះ បន្ទាប់ពីកម្ពុជារកឃើញនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេស ដើម្បីការពារការឆ្លងនូវជំងឺនេះ៕


ចែករំលែក