ការស្ថាបនាកំណាត់ផ្លូវជាតិលេខ១០ សំឡូត-វាវែង សម្រេចបានជាង២៦ភាគរយ

ចែករំលែក

ដោយ ៖ រ៉ាណេត

ពោធិ៍សាត់ ៖ ការសាងសង់ និងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០ ចាប់ពីចំណុចវាលវែងនៃខេត្តពោធិ៍សាត់ រហូតដល់ចំណុចតំបន់សំឡូត ខេត្តបាត់ដំបង គិតត្រឹមដើមខែឧសភា ឆ្នាំ២០២០នេះ ជាលទ្ធផលសម្រេចបានប្រមាណជាង ២៦ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៣ខាងមុខ។

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តនៅទីស្ដីការគណរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា គិតត្រឹមដើមខែឧសភា កន្លងទៅនេះ ជាលទ្ធផលនៃការស្ថាបនា និងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ១០ សម្រេចបាន ២៦,៥៣ភាគរយ នៃចំនួនសរុបនៅក្នុងខេត្តពោធិ៍សាត់ប្រវែង ៨៧គីឡូម៉ែត្រ។

លោក ម៉ៅ ធនិន បានមានប្រសាសន៍បញ្ជាក់ថា “ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រ គិតចាប់ពីតំបន់វាលវែងខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តបាត់ដំបង ស្រុកសំឡូត និងបន្តឆ្ពោះទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវជាតិមួយខ្សែនេះគឺមានសារៈសំខាន់បំផុតសម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនរវាងខេត្តទាំង៣ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ហើយក៏អាស្រ័យផល និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងមួយចំនួនទៀតផងដែរ”។

ខេត្តពិធិ៍សាត់មានប្រជាជនសរុបចំនួន ៤៩៣ ៣៧១នាក់ មានភូមិចំនួន៥១១ ឃុំចំនួន៤២ សង្កាត់ចំនួន៧ ស្រុកចំនួន៦ និងក្រុងចំនួន១។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សំខាន់ៗនៅទូទាំងខេត្តមានចំនួន៣៨ខ្សែ ស្មើនឹងប្រវែងសរុបប្រមាណ ៨៩៣,១៦គីឡូម៉ែត្រ សម្រាប់បម្រើដល់វិស័យដឹកជញ្ជូន និងចរាចរណ៍របស់ប្រជាពលរដ្ឋ៕


ចែករំលែក