ក្រុមហ៊ុនOCIC បង្ហាញពីផែនការនិងទម្រង់ស្ពានជាក់លាក់តភ្ជាប់ពីរវាងទីក្រុងកោះពេជ្រនិងទីក្រុងកោះនរា

0

ដោយៈស៊ីវ ម៉េង និងរ៉ាណេត

ភ្នំពេញ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនOCIC កំពុងសិក្សាលម្អិតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីកំណត់ពេលវេលាជាក់លាក់ នៃការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរានៅចុងឆ្នាំ២០២០ខាងមុខនេះ។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បច្ចុប្បន្ន គម្រោងសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបថ្មីកោះនរា បានរៀបចំគម្រោងរួចរាល់ហើយ នៅឡើយការសិក្សាលម្អិតពីរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញទៅលើផលប៉ះពាល់នានា។

លោកបានបញ្ជាក់ថា គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ លោកបន្តថា ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាប មានប្រវែង ប្រមាណ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់៣២ខែ ដោយប្រើថវិកាប្រមាណជាង៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាបថបែបខ្មែរ

លោកបន្តថា តាមគម្រោង និងផែនការដែលបានគ្រោងទុក ការសម្ពោធបើកការដ្ឋានសាងសង់ អាចនឹងប្រព្រឹត្តទៅនៅត្រឹមចុងឆ្នាំ២០២០ខាងមុខ។ ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ។

ជាមួយនឹងការបង្ហើបប្រាប់ពីគម្រោង នៃការសាងសង់ស្ពានឆ្លងកាត់ទន្លេថ្មីមួយនេះ លោក ទូច សំណាង ក៏បានបញ្ជាក់ផងដែរថា សម្រាប់ការចរាចរណ៍ឆ្លងកាត់ស្ពានមួយនេះនឹងត្រូវបានកំណត់ប្រភេទរថយន្ត ដោយអាចនឹងមិនអនុញ្ញាតប្រភេទរថយន្តធុនធំ ឬដឹកទំនិញធ្ងន់ឆ្លងកាត់នោះឡើយ ប៉ុន្តែករណីនេះកំពុងសិក្សា។

លោកបន្តថា តាមផែនការពីដំបូង ក្រុមហ៊ុនមានជម្រើសពីរក្នុងការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា ដោយជំរើសទី១សាងសង់ស្ពានក្រោមទន្លេ និងជម្រើសទី២សាងសង់ស្ពានលើទឹក ប៉ុន្តែការសម្រេចចុងក្រោយគឺជ្រើសរើសស្ពាននៅលើទឹកជំនួសវិញ ដែលស្ពាននេះមិនត្រឹមតែសម្រួលចរាចរណ៍នោះទេ តែក៏ជាផ្នែកមួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here