ដោយវុត្ថា
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបឱ្យដឹងថា លោកបាននិងកំពុងឱ្យក្រុមហ៊ុនមួយសិក្សា ដើម្បីសាងសង់ផ្លូវថ្មីពីភ្នំពេញ ឆ្ពោះកាន់វាលរេញ (ផ្លូវជាតិលេខ ៤) ពង្រីកជា៤គន្លង ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងដឹកជញ្ជូននៅក្នុងប្រទេស។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងការចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ៣ (រង្វង់មូលចោមចៅ-ខេត្តកំពត កំពត-វាលរិញនាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០នេះថា ខណៈពេលនេះក្រសួងបានឱ្យក្រុមហ៊ុនសិក្សា គម្រោងសាងសង់ផ្លូវថ្មីពីកំពត ទៅវាលរេញ ពង្រីកជា៤គន្លង។
លោកបន្តថា “បើយើងពង្រីកឱ្យបានជា៤គន្លងចំពោះផ្លូវនេះជាការល្អ ខណៈផ្លូវពីភ្នំពេញ-បាយគូសមាន៤គន្លង ពីបាយកគូស-កំពតមាន២គន្លង ហើយទៅមុខទៀតនឹងពង្រីកជា៤ គន្លងទៀត ពីកំពត ទៅវាលរេញជា៤គន្លងទៀត យើងកំពុងសិក្សា”។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីកន្លងមកនេះ បានសម្តែងការខឹងសម្បាយ៉ាងខ្លាំង ចំពោះក្រុមហ៊ុនបរទេសមួយសាងសង់ កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង ៥៤គីឡូម៉ែត្រ ពីទីរួមខេត្តកំពត ទៅកាន់រង្វង់មូលវាលរេញ ដែលជួសជុលមិនទាន់ទាំងរួចរាល់ផង ស្រាប់តែផ្លូវនៅចំណុចខ្លះចាប់ផ្តើមខូចវិញបណ្តើរៗហើយ។
ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបានប្រកាសឱ្យក្រុមហ៊ុនកែលំអ និងធ្វើផ្លូវនេះឡើងវិញ បើមិនដូច្នោះទេក្រសួងមិនទទួលយកនោះឡើយ ខណៈកំណាត់ផ្លូវនេះបានចាប់ផ្តើមដំណើរការជួសជុល និងកែលំអរកាលពីឆ្នាំ២០១៨។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា “ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលយកមិនបានគុណភាពស្តារជួសជុលផ្លូវ ពីកំពតទៅវាលរេញទេ។ ខូចច្រើន ធ្វើខុសលក្ខណៈបច្ចេកទេស អាពេលខូចហើយ ប៉ះមិនបានល្អត្រឹមត្រូវទៀត”៕






