ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន៧,៥លានដុល្លារអាមេរិក ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ក្នុងចំណោមថវិកានោះ មានថវិកាចំនួន៥លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន ២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ម្សិលមិញនេះនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកPatrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ។
លោកPatrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា ការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ ក្នុងរយៈពេលខ្លីនឹងត្រូវប្រើប្រាស់ ក្នុងការជួយលើកកម្ពស់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងប៉ះពាល់ខ្លាំងពីជំងឺរាតត្បាតនេះ ហើយដោយឡែក ក្នុងរយៈពេលមធ្យមនឹងជួយរៀបចំ កម្មវិធីបណ្តុះបណ្តាលជំនាញការងារឡើងវិញ ដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ជំងឺកូវីដ១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅទាំងពិភពលោកផងដែរ ហើយកម្ពុជាក៏ដូចជាប្រទេសដទៃទៀត ដែលទទួលរងផលប៉ះពាល់ពីជំងឺនេះ។
លោកបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ អន្តរាគមន៍បន្ទាន់មួយចំនួន ដើម្បីជួយស្រោចស្រង់វិស័យឯកជន ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ អាកាសចរណ៍ និងកាត់ដេរវាយនភណ្ឌ និងដើម្បីរក្សាលំនឹងជីវភាព របស់កម្មករ-និយោជិតដែលបម្រើការងារក្នុងវិស័យទាំងនេះ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះពន្ធ ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទាន ធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព ការលើកលែង និងអនុគ្រោះឥណទាន ការបង្កើតសន្ទនីភាពនៅក្នុងទីផ្សារ៕






