លោកឧកញ៉ា ស៊ី គង់ទ្រីវ កំពុងជាប់ផុងក្នុងបំណុល ដោយមានការកោះហៅពីអគ្គនាយកដ្ឋានពន្ធដារ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧកញ៉ា ស៊ី គង់ទ្រីវ ដែលគេស្គាល់ថាជាម្ចាស់មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងផ្សារនាគមាស ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញលិខិតអញ្ជើញឱ្យចូលទូទាត់បំណុលពន្ធដែលនៅជាប់ជំពាក់រដ្ឋ។

តាមរយៈលិខិតអញ្ជើញចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដែលបានបង្ហាញជាសាធារណៈកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ តាមបណ្តាញសារព័ត៌មានបានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញលោកឧកញ៉ា ស៊ី គង់ទ្រីវ នាយកក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិច គ្រុប លីមីធីត ដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋានក្រុមហ៊ុនដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែលោកឧកញ៉ាមិនបានចូលដោះស្រាយទូទាត់បំណុលពន្ធនោះឡើយ។

ជាងថ្មីម្ដងទៀត តាមរយៈលិខិតអញ្ជើញដែលចុះហត្ថលេខាដោយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល កាលពីថ្ងៃទី១៩ ខែឧសភា និងទើបចែកចាយលើបណ្តាញសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះដោយតម្រូវឱ្យលោកឧកញ៉ា ស៊ី គង់ទ្រីវ ចូលមកដោះស្រាយបំណុលពន្ធជាកំណត់ត្រឹមរយៈពេល១៥ថ្ងៃ ក្រោយការចេញលិខិតអញ្ជើញ។

នៅក្នុងលិខិតអញ្ជើញដដែលនេះ បានបញ្ជាក់ថា ក្នុងករណីដែលមិនចូលដោះស្រាយបំណុលពន្ធតាមកាលកំណត់ នឹងត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្ដីពីពន្ធដារដូចមានចែងក្នុងមាត្រា១២៧ , ១៣៥ និង ១៣៦ នៃច្បាប់សារពើពន្ធ ហើយអគ្គនាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here