ដោយ ប៊ី
ភ្នំពេញៈ អាជ្ញាធរទេសចរណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជាកំពុងស្វះស្វែងរកការចាប់យកទីផ្សារចិនឡើងវិញ នៅពេលមានការបើកឱ្យមានការធ្វើដំណើរដំណើរការ។
នៅក្នុងកិច្ចប្រជុំចុងក្រោយ នៃក្រុមប្រឹក្សាទេសចរណ៍មេគង្គ (MeTAG) លោក Hla Myint ប្រធានមន្ទីរផ្សព្វផ្សាយនៃក្រសួងសណ្ឋាគារ និងទេសចរណ៍ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ក្រសួងបានបើកការប្រជុំជាក់ស្តែង ជាមួយតំណាងប្រតិបត្តិករទេសចរណ៍ចិនមួយចំនួននៅសប្តាហ៍នេះ។
លោកបានបញ្ជាក់ថា “ការសង្កត់ធ្ងន់ជាបន្ទាន់ គឺការជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងស្រុក ប៉ុន្តែយើងក៏ត្រូវគិតផងដែរ នៅពេលយើងបើកទ្វារទទួលភ្ញៀវអន្តរជាតិ…យើងកំពុងត្រៀមទទួលអ្នកទេសចរចិន បន្ទាប់ពីជំងឺរាតត្បាតធូរស្រាល” ។
នៅឆ្នាំ២០១៩ ចិនបានជំរុញវិកំនើនស័យទេសចរណ៍របស់មីយ៉ាន់ម៉ា។ ចំនួនអ្នកទេសចរសរុប៣៤៤.២៦៨ នាក់បានកើនឡើង៧៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលទីផ្សាទេសចរណ៍លំដាប់លេខមួយរបស់មីយ៉ាន់ម៉ា។
ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាក៏សង្ឃឹម លើប្រទេសចិនក្នុងការឈានទៅរកការងើបឡើងវិញរបស់ខ្លួនផងដែរ។
លោកតុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានមានប្រសាសន៍ថា កម្ពុជានឹងបន្តលើកកម្ពស់យុទ្ធសាស្ត្រ “ China Ready” របស់ខ្លួនដែលជាផែនការរយៈពេល៥ឆ្នាំ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យបានកាន់តែច្រើន។លោកបានបន្ថែមទៀតថា ក្រុមហ៊ុនទេសចរណ៍នៅក្នុងប្រទេស កំពុងរៀបចំកញ្ចប់ដំណើរទេសចរណ៍ថ្មីជាច្រើន ដែលផ្តោតលើទេសចរចិន បន្ទាប់ពីឆ្លងផុតពីជំងឺរាតត្បាត។
ចាប់តាំងពីឆ្នាំ២០១៧ មកប្រទេសកម្ពុជាបានស្វាគមន៍ ចំនួនភ្ញៀវទេសចរមកពីប្រទេសចិន ដែលមានការកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនជាង២លាននាក់ បានមកទស្សនាប្រទេសកម្ពុជា ដែលកើនឡើង១៦,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងសកម្មភាពមួយផ្សេងទៀត ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះបានលុបចោលបំរាមការធ្វើដំណើរ ចាប់តាំងពីពាក់កណ្តាលខែមីនា លើប្រទេសចំនួន៦ គឺអ៊ីរ៉ង់ អ៊ីតាលី បារាំង អេស្ប៉ាញ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក៕