ដោយ ៖ ប៊ី
ភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រង Etiqa របស់ម៉ាឡេស៊ីបានពង្រីកអាជីវកម្មរបស់ខ្លួនដោយការឈានជើងចូលមកដល់ទីផ្សារប្រទេសកម្ពុជាបន្ទាប់ពីទទួលបានការយល់ព្រមដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនធានារ៉ាប់រង Etiqa បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការដល់ក្រុមហ៊ុនធានារ៉ាប់រង Etiqa General Insurance (Cambodia) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Etiqa Life Insurance (Cambodia) ហើយក្រុមហ៊ុនទាំង២កំពុងផ្តល់ការធានារ៉ាប់រងអគ្គីភ័យ (លក់រាយ និងពាណិជ្ជកម្ម) និងការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន។
-->

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការផ្តល់ជូនពីក្រសួងនេះនឹងពង្រីកផលិតផលរបស់ខ្លួន ដូចជា ការអប់រំ វេជ្ជសាស្រ្ត ក៏ដូចជាការធានារ៉ាប់រងការធ្វើដំណើរ និងម៉ូតូនាពេលឆាប់ៗនេះ តាមរយៈសាខា២១ របស់ធនាគារមេយប៊ែងនៅទូទាំងប្រទេសកម្ពុជា។
លោក Kamaludin Ahmad នាយកប្រតិបត្តិក្រុមហ៊ុន Etiqa ធានារ៉ាប់រង បានមានប្រសាសន៍ថា “ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Etiqa ដើម្បីជ្រៀតចូលទីផ្សារប្រទេសនេះត្រូវបានជំរុញដោយសក្តានុពលដ៏ធំរបស់ខ្លួនសម្រាប់អាជីវកម្មធានារ៉ាប់រង ពីព្រោះប្រជាជនកម្ពុជាជិត ៩៧ ភាគរយមិនមានការធានារ៉ាប់រង”។
លោកបានឱ្យដឹងទៀតថា ក្នុងនាមជាអ្នកផ្តល់សេវាធានារ៉ាប់រងឈានមុខគេរបស់អាស៊ាននៅប្រទេសសឹង្ហបូរី ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រុមហ៊ុន Etiqa មានគោលបំណងនាំយកដំណោះស្រាយធានារ៉ាប់រង “លឿន និងងាយស្រួល” ដល់ប្រជាជនកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញផលិតផល ដាក់ស្នើ ទទួលការទាមទារ ក៏ដូចជាដើម្បីទទួលបានជំនួយ។
លោក Kamaludin បានថ្លែងថា “យើងក៏មានបំណងក្លាយជាអ្នកដំបូងគេនៅក្នុងប្រទេស ដែលផ្តល់ជូននូវផលិតផលធានារ៉ាប់រងតាមអុីនធឺណេត ផងដែរ”៕