ដោយ គង់ សូរិយា
ភ្នំពេញ៖ ការគ្រប់គ្រងក្រុមហ៊ុនមួយមិនប្រាកដស្រួលទេ ចុះទម្រាំគ្រប់គ្រងក្រុមហ៊ុនច្រើនក្នុងពេលតែមួយ ពិតជាកាន់តែពិបាក ហេតុនេះការមានវិធីសាស្ត្រ គ្រប់គ្រងច្បាស់លាស់ ត្រឹមត្រូវ ពិតជាមានសារៈសំខាន់ណាស់។
លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបដែលមានក្រុមហ៊ុនចំនួន៨ជាបុត្រសម្ព័ន្ឋ បានចែករំលែកនូវវិធីសាស្ត្រគ្រប់គ្រងក្រុមហ៊ុនច្រើន ក្នុងពេលតែមួយជាមួយគេហទំព័រ Propertyarea.asia កាលពីសប្តាហ៍មុនថា មុនពង្រីកក្រុមហ៊ុន យើងត្រូវសិក្សាពីទីផ្សារថាតើផ្នែកអ្វីមានសក្តានុពល មិនមែនយើងចេះតែពង្រីកនោះទេ ហើយអ្វីចាំបាច់ត្រូវមានធនធានមនុស្សល្អ ពិនិត្យសក្តានុពលនៅក្នុងតំបន់ សិក្សាពីដៃគូប្រកួតប្រជែង ពីផលិតផលឲ្យអស់ ទើបយើងឈានទៅពង្រីកក្រុមហ៊ុនថ្មី។
លោកបន្តថា “ការគ្រប់គ្រងមនុស្សពិបាកផុតលេខហើយ គ្មានអ្វីពិបាកជាង គ្រប់គ្រងមនុស្សទេ ហេតុនេះអ្វីសំខាន់គឺគ្រប់គ្រងមនុស្សឲ្យបានល្អ ព្រោះបើយើងគ្រប់គ្រងបានហើយ អ្វីៗវានឹងរលូន ដើរទៅមុខទន្ទឹមគ្នា។លោកបន្តថា “កត្តាសំខាន់មួយទៀត គឺគ្រប់គ្រង អប់រំ បណ្តុះបណ្តាល នោះជាកត្តាសំខាន់បំផុត។
លោកឧកញ៉ា លី ហួរ បានបន្តថា រឿងសំខាន់មួយទៀត យើងត្រូវធ្វើឲ្យបុគ្គលិកទាំងអស់ធ្វើការចេញពីចិត្ត ចេញពីបេះដូង មិនមែនធ្វើការដោយខ្លាចអំណាចរបស់យើង បើបែបនេះយើងមិនរីកចម្រើនទេ។ តែយើងត្រូវឲ្យគេយល់ពីបញ្ហា
ចាត់ទុកក្រុមហ៊ុនរបស់ពួកគេធ្វើការ ជាក្រុមហ៊ុនរបស់ខ្លួន។ លោកបន្តថា យើងត្រូវឲ្យគេមានអារម្មណ៍ថា បាត់បងអ្វីមួយជារបស់ក្រុមហ៊ុន ឬខូចខាតអ្វីមួយរបស់ក្រុមហ៊ុន ដូចជាការខូចខាតឬបាត់បង់របស់ខ្លួន នេះពិតជាសំខាន់ណាស់។ ហេតុនេះហើយ ទើបក្រុមហ៊ុនលី ហួរគ្រុបតែងធ្វើមហាសន្និបាតប្រចាំឆ្នាំ ដើម្បីឲ្យបុគ្គលិកលើកឡើងពីបញ្ហារបស់ពួកគេ យើងដោះស្រាយជូនពួកគេ និងលើកទឹកចិត្តដល់អ្នកធ្វើការងារបានល្អ។
លោកឧកញ៉ាបានបន្តថា “ខ្ញុំតែងតែលើកទឹកចិត្តពួកគេដោយផ្តល់រង្វាន់ជាការដំឡើងប្រាក់ខែ ជារង្វាន់លើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅជូនពួកគេ ដើម្បីឲ្យពួកគេយល់ថា ក្រុមហ៊ុនដែលពួកគេធ្វើការ ជាក្រុមហ៊ុនរបស់ខ្លួន”៕
