ដោយ ប៊ី
ភ្នំពេញៈ ប្រទេសកម្ពុជាមានការការពារដ៏រឹងមាំ ដើម្បីឆ្លើយតបនឹងការរំខានដល់ពាណិជ្ជកម្ម និងកំណើនដែលកើតឡើងពីជំងឺរាតត្បាត COVID-19 ។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចរបស់អាមរិក Moody’s Investors Service។

នៅក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅប្រទេសសឹង្ហបូរី កាលពីថ្ងៃសុក្រកន្លងមកនេះ ទីភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចរបសអាមេរិកនេះបានឱ្យដឹងថា ការធ្លាក់ចុះនៅក្នុងប្រទេសចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងរារាំងទស្សនវិស័យកំណើនរបស់ប្រទេសកម្ពុជានៅឆ្នាំនេះ ដោយការព្យាករណ៍ GDP នឹងធ្លាក់ចុះរហូតដល់០,៣ភាគរយ។
ប៉ុន្តែផលិតផលសរុបក្នុងស្រុករបស់កម្ពុជា (GDP) បានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញជិត ៦,០ ភាគរយនៅឆ្នាំក្រោយ។
ភ្នាក់ងារ Moody’s បានឱ្យដឹងថា ទម្រង់ឥណទានចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងពី “ទស្សនវិស័យកំណើនដ៏រឹងមាំ” របស់ប្រទេស ក៏ដូចជាបន្ទុកបំណុលដែលមានតម្លៃសមរម្យ និងមធ្យម។
ទោះបីអត្រាឆ្លងជំងឺមានកម្រិតក៏ដោយ ទីភ្នាក់ងារនេះបានឱ្យថា ការផ្ទុះជំងឺនេះនឹងជះឥទ្ធិពលដល់ការវិនិយោគ និងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេស ដោយសារមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន។
លោកស្រី Anushka Shah អនុប្រធានភ្នាក់ងារ Moody និងជាអ្នកវិភាគជាន់ខ្ពស់ បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាប្រឈមនឹងការធ្លាក់ចុះ ដោយសារមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសចិនកិច្ចយ៉ាងទូលំទូលាយ” ។
លោកស្រី Shah បានកត់សម្គាល់ថា ប្រទេសចិនតំណាងឱ្យ៤៣ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសកម្ពុជា ខណៈដែលភ្ញៀវទេសចរចិនមានចំនួន៣៦ ភាគរយនៃភ្ញៀវទេសចរណ៍សរុបក្នុងឆ្នាំ ២០១៩ ។
របាយការណ៍ខាងលើ បានឱ្យដឹងទៀតថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងធ្វើឱ្យប៉ះពាល់ដល់តម្រូវការទំនិញកម្ពុជា ហើយរាល់ការធ្លាក់ចុះអាចបង្កហានិភ័យដល់ស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបានវាយតម្លៃថា ទស្សនវិស័យទូទៅសម្រាប់ប្រទេសកម្ពុជាគឺមានស្ថេរភាព។
ចក្ខុវិស័យនេះ ធ្វើឱ្យមានតុល្យភាពលើភាពងាយរងគ្រោះ ចំពោះការប៉ះទង្គិច ដែលបណ្តាលមកពីការរំខាន ជាបណ្តោះអាសន្នក្នុងកំណើនសេដ្ឋកិច្ច ដុល្លាររូបនិយកម្មខ្ពស់ និងកំណើនឥណទានយ៉ាងឆាប់រហ័ស ដោយមានកត្តាបន្ធូរបន្ថយ ដូចជា សក្តានុពលកំណើនរឹងមាំ ការបង្កើតប្រាក់ចំណូលរបស់រដ្ឋាភិបាលរឹងមាំ និងលក្ខណៈសម្បទាន និងបំណុលរយៈពេលវែងរបស់រដ្ឋាភិបាល។
ការអនុវត្តការកែទម្រង់ ដែលធ្វើអោយប្រសើរឡើងនូវភាពទន់ខ្សោយស្ថាប័ន និងប្រសិទ្ធភាពគោលនយោបាយ នឹងឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់។
ម្យ៉ាងវិញទៀត ការធ្លាក់ចុះនៃឥណទានធនាគារ ដែលបណ្តាលឱ្យមានឥទ្ធិពលនៃការរីករាលដាលនៃសេដ្ឋកិច្ច នឹងនាំឱ្យមានសម្ពាធធ្លាក់ចុះដល់ចំណាត់ថ្នាក់ របស់ប្រទេស។ ការធ្លាក់ចុះជាបន្តនៃការវិនិយោគផ្ទាល់ពីបរទេស ក៏អាចប៉ះពាល់ដល់កំណើននិងសម្ពាធឥណទានផងដែរ៕ AKP






