ដោយស៊ីវ ម៉េង
ភ្នំពេញៈ សកម្មភាពបុកគ្រឹះសាងសង់ជញ្ជាំងបានផ្អាក ហើយភាពវិវត្តន៍នៃដំនើរការសាងសង់ផ្នែកផ្សេងៗទៀតបាននិងកំពុងស្ងប់ស្ងាត់ ដែលធ្វើឲ្យវាសនាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកThai Bunrong Twin Towerកាន់តែមិនមានភាពច្បាស់លាស់។
ជាមួយនឹងការបិទទ្វារសណ្ឋាគារលំដាប់ផ្កាយ៥ Great Duck ដែលជាសណ្ឋាគារធ្លាប់ខ្ពស់ជាងគេ និងធំជាងគេនៅរាជធានីភ្នំពេញ និងការបើកដំណើរការសាងសង់Intercontinental នៅក្រុងព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុនThai Bunrong មិនមានការបរិច្ឆេទបើកដំណើរការ បានធ្វើឲ្យគំរោងយក្សThai Bunrong Twin Towerដែលគ្រោងសាងសង់កំពស់៥៦៨ម៉ែត្រ ស្ថិតនៅក្នុងសភាពអស់សង្ឃឹមកាន់តែខ្លាំង ស្របពេលពិភពលោកកំពុងជួបកលយុគ នៃការរីករាលដាលដោយសារCovid-19។
ជាមួយគ្នានេះ ម្ចាស់ទុនដ៏ធំ ដែលជាអ្នកចេញមុខសាងសង់Thai Bunrong Twin Tower ដែលជាមហាសេដ្ឋីចិន ក៏ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិកផងដែរ។
ចំណែកក្រុមហ៊ុន CMT Cosmo Pte, Ltd Group ដែលជាដៃគូក្រុមហ៊ុនថៃ ប៊ុនរ៉ុង និងក្រុមហ៊ុនដទៃទៀត ហាក់មិនមានសកម្មភាព ឬបញ្ចេញព៌តមានណាមួយពីដំនើរការនិតិវិធី ឬប្រកាសព៌តមានណាមួយទាក់ទង នឹងការចាប់ផ្តើមសាងសង់គំរោងនេះនៅឡើយទេ។
លោកសាស្ត្រាចារ្យទួស សាភឿនស្ថាបត្យករចូលរួមគូប្លង់គំរោងនេះ និងជាមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Thai Bunrong Group ដែលជាអ្នកអភិវឌ្ឍន៍គំរោងនេះមិនបានឆ្លើយតបសំណួរសុំការពន្យល់បានទេ។
ប៉ុន្តែលោកទួស សាភឿនធ្លាប់បានឲ្យដឹងថា ក្រុមស្ថាបត្យករ និងវិស្វករលំដាប់ពិភពលោក ដែលធ្លាប់មានបទពិសោធន៍សាងសង់អាគារខ្ពស់ៗ មកពីបួនប្រទេស កំពុងសិក្សាពីការសាងសង់អាគារនេះ។លោកបន្តថា ក្រុមស្ថាបត្យករ និងវិស្វករចូលរួមគូរប្លង់អាគារភ្លោះកប់ពពកនេះមានមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ប្រទេសចិន និងក្រុមស្ថាបត្យករ និងវិស្វករពោរពេញដោយជំនាញ និងបទពិសោធន៍កម្ពុជាជាច្រើនរូបផងដែរ។
លោកធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមអ្នកជំនាញនិងក្រុមហ៊ុន បានសម្រេចបន្ថែមកំពស់អាគារនេះ ដល់កំពស់៥៦៨ម៉ែត្រ និងបង្កើនទុនវិនិយោគផ្នែកសំណង់រហូត ដល់៥០០០លានដុល្លារអាមេរិក។

លោកធ្លាប់បានអះអាងផងដែរថា “ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនេះ មិនមានការប្រែប្រួលទេ។ វានឹងជាមោទនភាព និងជាកិត្យានុភាពសម្រាប់កម្ពុជានៅលើពិភពលោក”។លោកបន្តថា “មិនមានប្រទេសទាំងអស់អាចមានសមត្ថភាពសាងសង់ទេ ជួនកាលពួកគេមានលុយ តែមិនប្រាកដថាអាចសាងសង់បាននោះឡើយ”។
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការទេ ដោយបានថ្លែងថា ក្រុមហ៊ុនកំពុងជ្រើសរើសរកពេលវេលាសមស្របមួយ។
នៅពេលទាក់ទងសុំការអត្ថាធិប្បាយពីគំរោងនេះ នៅថ្ងៃទី២៥ ឧសភានេះ លោកទួស សាភឿនមិនបានឆ្លើយតបនោះទេ ខណៈគម្រោងសាងសង់ផ្សារបណ្តែតទឹក នៅក្នុងគំរោងAngkor Landmark ខេត្តសៀមរាបមិនទាន់បានសាងសង់នៅឡើយផងដែរ៕






