ដោយវុត្ថា
ភ្នំពេញៈ គិតរហូតមកដល់ពេលនេះ ជើងហោះហើររបស់កម្ពុជា បានដាំក្បាលចុះ ប្រមាណ៩៨ភាគរយ បើធៀបទៅនឹងឆ្នាំមុន ដោយសារក្រុមហ៊ុនអាកាសចរណ៍នានាដែលហោះហើរមកកាន់កម្ពុជា បានបិតជើងហោះហើររបស់ខ្លួន ដោយបារម្ភការឆ្លងនូវជំងឺ Covid-១៩ ដែលកំពុងរាតត្បាតជាសកល។
លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០នេះថាបច្ចុប្បន្ននេះ ជើងហោះហើររបស់កម្ពុជាបានធ្លាក់ចុះ ខ្លាំងពោលគឺប្រមាណ៩៨ភាគរយ តែយ៉ាងណាក៏ដោយ យើងរំពឹងថានៅដើមខែកក្កដាខាងមុខនេះ កម្ពុជានឹងមានការកើនឡើងនូវជើងហោះហើរកើនឡើងចំនួន៤០%វិញ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកាលពីកន្លងមកនេះ ធ្លាប់បានប្រកាសថា កម្ពុជាមិនបានប្រកាសបិទជើងហោះហើរ មកពីបណ្តាប្រទេសនានាដែលហោះហើរមកកាន់កម្ពុជានោះទេ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍របស់បណ្តាប្រទេសទាំងអស់នោះ បានប្រកាសបិទដោយខ្លួនឯងដោយបារម្ភពីការឆ្លងនូវជំងឺ Covid-19 ។
ជាមួយគ្នានេះ ក្រុមហ៊ុន Cambodia Airports បានឱ្យដឹងដែរអាកាសយដ្ឋានទាំងបីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅតែបើកនិងដំណើរការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ជាធម្មតា បើទោះបីកម្ពុជា និងពិភពលោកកំពុងទទួលរងនូវផលប៉ះពាល់ដោយសារជំងឺ Covid-19 យ៉ាងណាក្តី។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ទោះក្នុងរយៈពេលកន្លងមកនេះ កម្ពុជាមានករណីឆ្លងជំងឺ Covid-19 នៅមានចំនួនតិច តែក្រសួងមិនធ្វេសប្រហែសទ្បើយ នៃការបន្តរឹតការឆ្លងរីករាលជំងឺCovid-19 ដែលធ្វើទ្បើងតាមរយៈការបន្តត្រួតពិនិត្យតាមព្រំដែន និងតាមអាកាសយានដ្ឋាននានា នៅក្នុងប្រទេ សកម្ពុជា។
កម្ពុជាកាលពីកន្លងកមថ្មីៗនេះ បានអនុញ្ញាឱ្យជនបរទេសមកពីប្រទេសចំនួន៦ចូលមកកម្ពុជាបានវិញមានដូចជា អាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង អាឡឺម៉ង់ និងអ៊ីរ៉ង់ តែយ៉ាងណាក៏ដោយ គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពបញ្ជាក់ថា គ្មានមេរោគCovid-19 ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាល នៃប្រទេសសាមីក្នុងរយៈពេល៧២ម៉ោង។
សម្រាប់ជនបរទេសគឺតម្រូវ ឲ្យមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពតាមវិធានការផ្សេងៗទៀតដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា៕






