ដោយ ៖ រ៉ាណេត
បន្ទាយមានជ័យ ៖ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានទទូច និងជំរុញឱ្យបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់នៅទូទាំងប្រទេស ត្រូវបន្តត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញសម្រាប់គ្រប់វិស័យ។

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាថ្នាក់ខេត្តនៅសាលាខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ “កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 ”នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះថា បន្ថែមលើវិធានការជាច្រើនរបស់ធនាគារជាតិនៃកម្ពុជាកន្លងមកនេះ គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ។
លោកបានបញ្ជាក់ទៀតថា ក្រៅពីការចូលរួមអនុវត្តនូវវិធានការដែលដាក់ចេញដោយធនគារជាតិនៃកម្ពុជាពីសំណាក់បណ្តាគ្រឹះស្ថានធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋានក៏ត្រូវបន្តចូលរួមសហការយ៉ាជិតស្និទ្ធជាមួយគ្រឹះស្ថានដែលពាក់ព័ន្ធទាំងអស់ ហើយនៅក្នុងនោះ ប្រជាពលរដ្ឋដែលជាអតិថិជន ក៏ត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។
ក្រៅពីការជំរុញ និងលើកទឹកចិត្តពីសំណាក់មន្ត្រីដឹកនាំជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាក្រោមវត្តមានរបស់លោក ជា ចាន់តូ នៅក្នុងអង្គសិក្ខាសាលាខាងលើនេះ បានបង្ហាញពីគោលបំណងផ្សព្វផ្សាយអំពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងនិន្នាការថ្មីៗរបស់វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសអំពីវិធានការនានារបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគត ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19។
បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យអនុវត្តតាមវិធានការដែលបានដាក់ចេញកាលពីពេលកន្លងទៅផងដែរ។

ទី១- គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់គ្រប់វិស័យ។
ទី២- អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។
ទី៣- អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាព ដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។
ទី៤- បន្តរក្សាអនាម័យ និងសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីជៀសផុតពីការឆ្លងជំងឺ Covid-19 ៕







