រដ្ឋបាលខេត្តព្រះវិហារកំពុងពង្រីកក្រុងដើម្បីឱ្យពលរដ្ឋសាងសង់លំនៅឋានឱ្យបានច្រើន

ចែករំលែក

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ បានចាប់ផ្តើមពង្រីកក្រុងរបស់ខ្លួនឱ្យបានកាន់តែធំបន្ថែមទៀត តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗនានា ដើម្បីឱ្យពលរដ្ឋអាចសាងសង់លំនៅឋានឱ្យបានកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្ននេះក្រុងរបស់ខេត្តនៅមានទំហំតូចនៅឡើយ។

លោក គោស៊ុ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ” នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា បច្ចុច្បន្ននេះ រដ្ឋបាលខេត្តបាននិងកំពុងកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀតនៅជុំវិញក្រុងព្រះវិហារ ។

លោកថ្លែងថា “រដ្ឋបាលខេត្តបាននឹងកំពុងស្តារ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ជុំវិញក្រុង ក្នុងការពង្រីកក្រុងដើម្បីឱ្យពលរដ្ឋអាចមានលទ្ធភាពក្នុងការសាងសងផ្ទះសម្រាប់រស់នៅឱ្យបានច្រើន ស្របតាមការរីកចំរើនរបស់ខេត្ត”។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តមានប្រវែង ៨០០ គីឡូម៉ែត្រ ដោយក្នុង ៥០០ គីឡូម៉ែត្រជាផ្លូវកៅស៊ូ និង ៣០០ ជាផ្លូវគ្រួសក្រហម ជាមួយគ្នានេះ រដ្ឋបាលខេត្តបាននឹងកំពុងលើកកម្ពស់ពីផ្លូវកៅស៊ូ ជាទីDBST និង ACនៅក្នុងទីរួមខេត្ត ។

លោកបន្តថា “យើងកំពុងពង្រឹងគុណភាពផ្លូវថ្នល់ទាំងនៅក្នុងក្រុង និងជាយក្រុងធ្វើយ៉ាងណាឱ្យប្រើប្រាស់បានយូអង្វែងស្របតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន”។
លោកថ្លែងបន្តថា “សម្រាប់ទិសដៅខាងមុខ យើងនឹងប្រែក្លាយលផ្លូវដែលមានគ្រួសក្រហម ទៅជាផ្លូវកៅស៊ូ និង AC ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនរបស់ខេត្ត ជាមួយគ្នានេះ ទាំងផ្លូវគ្រួស ផ្លូវកៅស៊ូ និង AC មន្ទីរសាធារណការ និងដឹកជញ្ជូនបាននឹងកំពុងយកចិត្តដាក់កែលម្អរ ថែទាំង និង ជួសជុលឱ្យកាន់តែមានភាពល្អប្រសើរសម្រាប់បំរើដល់ពលរដ្ឋ”។

លោក គោស៊ុ ប៊ុនសឿត អភិបាលរង ខេត្តព្រះវិហារ បញ្ជាក់ថា ចំណូលប្រចាំឆ្នាំប្រជាពលរដ្ឋសម្រាប់ប្រចាំខេត្តព្រះវិហារ តាមរយៈមន្ទីរផែនការដែលបានធ្វើការស្ថិតិកាលពីឆ្នាំ ២០១៨ កន្លងមកនេះ មានចំនួនជាង ១០០០ ដុល្លារអាមេរិក ខណៈឆ្នាំ ២០១៧ មានចំនួនតែជាង ៩០០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០១៩ រដ្ឋបាលខេត្តមិនទាន់បានធ្វើស្ថិតិនៅឡើយ ដោយសាររដ្ឋបាលខេត្តចុះស្រង់ស្ថិតិប្រពលរដ្ឋរងគ្រោះដោយជំងឺCovid- 19 តែយ៉ាងណាក៏ដោយពីមួយឆ្នាំទៅមួយឆ្នាំ ចំណូលរបស់ពលរដ្ឋមានការកើនឡើង៕


ចែករំលែក