អាកាសចរស៊ីវិលកម្ពុជា ចេញវិធានការ៤ចំណុចបន្ថែម ដើម្បីរឹតបន្តឹងការទប់ស្កាត់ជំងឺឆ្លង Covid-19 ក្នុងដឹកជញ្ជូនតាមផ្លូវអាកាស

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសេចក្ដីប្រកាសរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺឆ្លង Covid-19 រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានចេញសេចក្ដីណែនាំ និងដាក់ចេញនូវវិធានការចំនួន៤ចំណុចបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលកំពុងហោះហើរចេញចូលព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងសេចក្ដីប្រកាសដាក់ឱ្យអនុវត្តនូវវិធានការទាំង៤ចំណុចរួមមាន៖

ទី១- រាល់អ្នកដំណើរតាមផ្លូវអាកាសរបស់ខ្លួនទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថាគ្មានមេរោគ Covid-19 ក្នុងរយៈពេល៧២ម៉ោង និងឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារ ក្នុងកំឡុងពេលស្នាក់នៅកម្ពុជា ត្រូវតែបង្ហាញឯកសារច្បាប់ដើមដល់មន្ត្រីបម្រើសេវាកម្មចុះឈ្មោះឡើងជិះយន្តហោះ នៅតាមបណ្តាអាកាសយានដ្ឋានអន្តរជាតិ។

ទី២- រាល់វិញ្ញាបនបត្របញ្ជាក់ពីសុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវតែចេញដោយមន្ទីរពេទ្យ វិទ្យាស្ថានសុខាភិបាល ស្ថាប័ន ភ្នាក់ងារ ឬក្រុមហ៊ុន ដែលអាចជឿទុកចិត្តបាន និងអាចទំនាក់ទំនងបានគ្រប់ពេលវេលា។

ទី៣- ក្រុមហ៊ុនអាកាសចរណ៍ ពុំអាចដឹកអ្នកដំណើរតាមផ្លូវអាកាសរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ជាដាច់ខាត់ ប្រសិនបើចំណុចទី១ និងទី២ មិនបានបំពេញ។

ទី៤- ក្រុមហ៊ុនអាកាសចរណ៍ក៏ត្រូវមានភារកិច្ចដូចជា ៖
– ថតចម្លងទុកនូវវិញ្ញាបនបត្របញ្ជាក់ពីសុខភាព និងឯកសារធានារ៉ាប់រងសុខភាពរបស់អ្នកដំណើរតាមផ្លូវអាកាសរបស់ខ្លួនទុកជាឯកសារសម្រាប់រយៈពេល២០ថ្ងៃ ដើម្បីឆ្លើយតបរាល់សំណើរកិច្ចសហការស៊ើបអង្កេតណាមួយរបស់អាជ្ញាធរសមត្ថកិច្ចកម្ពុជា ។

– ផ្ញើចំនួនអ្នកដំណើរសរុបលើកទី១ដែលបានកក់សំបុត្រយន្តហោះជារៀងរាល់ម៉ោង១០ព្រឹកឱ្យបានមុនមួយថ្ងៃ មុនពេលចាប់ផ្ដើមធ្វើការហោះហើរជូនដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

– ផ្ញើចំនួនអ្នកដំណើរសរុបចុងក្រោយ និងបញ្ជាក់ពីប្រភពដើមនៃចំណុចចាប់ផ្តើមធ្វើដំណើរ មុនពេលការហោះហើរមកកាន់ប្រទេសកម្ពុជា ជូនដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០នេះថាបច្ចុប្បន្ននេះ ជើងហោះហើររបស់កម្ពុជាបានធ្លាក់ចុះ ខ្លាំងពោលគឺប្រមាណ៩៨ភាគរយ តែយ៉ាងណាក៏ដោយ យើងរំពឹងថានៅដើមខែកក្កដាខាងមុខនេះ កម្ពុជានឹងមានការកើនឡើងនូវជើងហោះហើរកើនឡើងចំនួន៤០ភាគរយវិញ។

ជាមួយគ្នានេះ ក្រុមហ៊ុន Cambodia Airports បានឱ្យដឹងដែរអាកាសយដ្ឋានទាំងបីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅតែបើកនិងដំណើរការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ជាធម្មតា បើទោះបីកម្ពុជា និងពិភពលោកកំពុងទទួលរងនូវផលប៉ះពាល់ដោយសារជំងឺ Covid-19 យ៉ាងណាក្តី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here