ដោយវុត្ថា
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនប្រមាណ ១៧៥.៣៦៤ នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញដោយសារ រងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ ក្នុងនោះអតិថិជនចំនួន ១៥២.៨០៨ នាក់ ឬជិត ៩០%នៃអតិថិជនដែលបានស្នើសុំ បានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួនប្រមាណជា ៦៥៦ លានដុល្លារ។

នេះ បើយោងតាមទិន្នន័យចុងក្រោយដែលបង្ហាញដោយ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្ត ស្តីពី វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ «កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩» រៀបចំដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ និង២៦ ខែឧសភា ឆ្នាំ២០២០ ក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង។
លោក គា បូរាណ ថ្លែងថា សមាជិករបស់សមាគមទាំង ១០៣ គ្រឹស្ថាន បានបង្ហាញការប្តេជ្ញាចិត្តនឹងដដោះស្រាយបញ្ហាជាមួយអតិថិជនរបស់ខ្លួនប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះក្នុងអំឡុងពេលដ៏លំបាកដោយសារជំងឺកូវីដ ១៩ ស្របតាមការអំពាវរបស់រាជរដ្ឋាភិបាលក៏ដូចជាធានគារជាតិនៃកម្ពុជាផងដែរ។
លោកបន្តថា គ្រឹស្ថានហិរញ្ញវត្ថុ មានទិដៅរួមមួយ គឺចង់ឃើញអតិថិជនរបស់ខ្លួនទទួលជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព “ភាពជោគជ័យរបស់អតិថិជន ជាភាពជោគជ័យរបស់គ្រឹះស្ថាន” ។

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ដែលរួមមានដូចជា ការកំណត់អត្រាការប្រាក់ឥណទាន និងវិធីសាស្ត្រគណនាអត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញក្នុងអំឡុងពេលនៃការប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ការស្នើសុំឱ្យគ្រឹះស្ថានធនាគារ និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជនរបស់ខ្លួន ការបង្កើតប្រព័ន្ធទូរស័ព្ទសម្រាប់សាធារណជនទំនាក់ទំនងនៅពេលមានបញ្ហា ឬមានចម្ងល់ពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ និងការអនុវត្តយុទ្ធនាការលើកកម្ពស់ចំពោះចំណេះដឹងហិរញ្ញវត្ថុជាដើម។
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ ២០២០ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឱ្យប្រជាជនកម្ពុជា ចំនួនជាង ២,១ លាននាក់ និងមានឥណទានសរុបជាង ៣០ ទ្រីលានរៀល (៧,៤ ប៊ីលានដុល្លារ) ខណៈអតិថិជនបញ្ញើសរុបមានចំនួនជាង ២,៨ លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ២៥ ទ្រីលានរៀល (៣,៧ ប៊ីលានដុល្លារ) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តភាព តមារយ់ការិយាល័យតំណាងចំនួន ១,៤៤៨ កន្លែង និងមានបុគ្គលិកបម្រើការងារចំនួន ៣៦,០៨៩ នាក់ នៅទូទាំង ២៥រាជធានី-ខេត្តនៃប្រទេសកម្ពុជា៕






