ដោយវុត្ថា
កំពត៖ ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តកំពត បច្ចុប្បន្នមានប្រវែង ៦៦,៥គីឡូម៉ែត្រ ហើយ ក្នុងនោះត្រូវបានរងការ រំលោភបំពាន ទន្ទ្រានកាន់កាប់ខុសច្បាប់ ពីសំណាក់ជនល្មើសមួយចំនួន ដែលបានបង្កឡើង ដោយមានការកាប់ព្រៃកោងកាងឬចាក់ដីលុប ជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ។

នេះគឺការលើកលើកឡើងរបស់ លោក ជាវ តាយ អភិបាលខេត្តកំពត នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តកំពតនាថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០នេះ ដើម្បីពិនិត្យ និងពិភាក្សា រកវិធានការ បង្ការ ទប់ស្កាត់ និងឈានដល់ការបង្ក្រាបរាល់បទល្មើសដែលជនល្មើសបានបង្កឡើងក្នុង សកម្មភាព រូបភាព ទន្ទ្រានកាន់កាប់ ដីតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ឲ្យទទួលបានលទ្ធផលនិងមានប្រសិទ្ធភាព។
លោកថ្លែងថា “សកម្មភាពបែបនេះជាបញ្ហាមួយ បានធ្វើឱ្យរដ្ឋបាលខេត្តត្រូវតែមានការយកចិត្តទុកដាក់ ចាប់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យជាបន្ទាន់” ។
ជាពិសេស លោកអភិបាលខេត្តបានស្នើដល់មន្ទីរ អង្គភាពជំនាញ នឹងអាជ្ញាធរក្រុងស្រុកពាក់ព័ន្ធ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ត្រូវតែរួមគ្នា ជាវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយនោះឲ្យទទួលបានលទ្ធផលនិងមានប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានស្នើដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មាធិការរៀបចំតំបន់ឆ្នេរ រួមទាំងគណៈអភិបាលខេត្តនីមួយៗនៅតាមតំបន់ឆ្នេរទាំង ៤ ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការការពារតំបន់ឆ្នេរឲ្យបានគង់វង្ស និងកុំឱ្យមានការទន្ទ្រានយកធ្វើជាកម្មសិទ្ធិ បើនៅតែបន្តទន្ទ្រានកាន់កាប់នោះ កម្ពុជាអាចនឹងប្រឈមការដកចេញពីសមាជិកតំបន់ឆ្នេរស្អាតលើពិភពលោក។
សម្តេចតេជោថ្លែងថា “ពិតមែនហើយ យើងមានគណៈកម្មការឆ្នេរដែលមានឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីជាប្រធាន (គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ) និងមានរដ្ឋមន្ត្រីមួយចំនួនធ្វើជាអនុប្រធាន។ ក៏ប៉ុន្តែភារកិច្ចទទួលខុសត្រូវត្រូវតែជាគណៈអភិបាលខេត្តនីមួយៗត្រូវទទួលខុសត្រូវមើលឲ្យបានដិតដល់ឲ្យបានល្អិតល្អន់។ ហាមចាក់ដីនៅទីកន្លែងណា ដែលគ្មានការអនុញ្ញាត”៕






