រដ្ឋាភិបាល​បន្ត​អះអាង​ពី​ការរៀបចំ​កញ្ចប់​ថវិកា​ប្រមាណ៥០០លាន​ដុល្លារ​សម្រាប់​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច

ចែករំលែក

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម និង​រៀបចំ​កម្មវិធី​មួយចំនួន​សម្រាប់​ជា​វិធានការ​អនុវត្ត ក្នុង​គោលដៅ​ធានា​លំនឹង​នៃ​សេដ្ឋកិច្ច និង​សង្គម ក្រោយ​វិបត្តិ​នៃ​ជំងឺ Covid-19 ជាពិសេស​ចូលរួម​ធ្វើឱ្យមាន​ភាពល្អប្រសើរ ដល់​វិស័យ​ឯកជន​ទាំងអស់​នៅ​កម្ពុជា ជាមួយនឹង​ទំហំ​ថវិកា​ប្រមាណ៥០០លាន​ដុល្លារ ។

នៅក្នុង​ផែនការ និង​វិធានការ​ជុំ​ទី៤របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បញ្ចូល​នូវ​សមាសភាគធំៗចំនួន២ ការបន្ត​នូវ​សុពលភាព​នៃ​វិធានការ​មួយចំនួន ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​កន្លងមក រួម​ជាមួយនឹង​ការដាក់ចេញ​នូវ​វិធានការ​ថ្មី​បន្ថែម ដែល​ក្នុងនោះ​ក៏មាន​ការរៀបចំ​កម្មវិធី នៃ​កញ្ចប់​ថវិកាបម្រុង​សម្រាប់​ដោះស្រាយ​បញ្ហា និង​ជំនួយ​ដល់​វិស័យ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​វិស័យ​ឯកជន​ផងដែរ ។

នៅក្នុង​សេចក្ដីប្រកាស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការណែនាំ​នៃ​ការអនុវត្ត​វិធានការ​បន្ថែម​សំដៅ​ជួយ​ដល់​វិស័យ​ឯកជន កម្មករ និយោជិត ដែល​រង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​កា​រីក​រាលដាល​នៃ​ជំងឺ​ Covid-19 ដែល​ទើបតែ​ចេញ​កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​រៀបចំ​បង្កើត មូលនិធិ​ធានា​ឥណទាន​ថវិកា​ចំនួន២០០លាន​ដុល្លារ ។

មូលនិធិ​នេះ អាច​ធានា​ឥណទាន​កម្ចី​តាមរយៈ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដោយ​ប្រើ​គោលការណ៍​ទីផ្សារ ដើម្បី​ជួយ​សម្រាល​សម្ពាធ​លំហូរ​សាច់ប្រាក់ និង​ទុន​បង្វិល​របស់​អាជីវក​ម្ម ធុរកិច្ច​ក្នុង​គ្រប់​វិស័យ​បាន​យ៉ាងតិច​ចំនួន ២០០០លាន​ដុល្លារ ។

នៅក្នុង​សេចក្ដីប្រកាស​ដដែល ក៏បាន​បញ្ជាក់​ពី​ការត្រៀម​ឧបករណ៍ ផ្តល់​ហិរញ្ញប្ប​ទាន (Financing Facility) បន្ថែម​ចំនួន​៣០០លាន​ដុល្លារ ដើម្បី​គាំទ្រ និង​ដើរតួ​ជា​កាតាលីករ​ជំរុញ​កំណើន តាម​វិស័យសំខាន់ៗក្នុងអំឡុងពេល​វិបត្តិ និង​ក្រោយ​វិបត្តិ ។

ក្រៅពីនេះ ក៏មាន​វិធានការ​ជំនួយ​សង្គម ដោយ​រាជរដ្ឋាភិបាល​បានសម្រេច​ពង្រីក​វិសាលភាព​គ្របដណ្ដប់ និង​ទំហំ​ថវិកា​សម្រាប់​កម្មវិធី​សាច់ប្រាក់​ពលកម្ម នៅក្នុង​ឆ្នាំ២០២០ឱ្យ​ឡើងដល់១០០លាន​ដុល្លារ ដើម្បី​ស្រូបយក​កម្លាំង​ពលកម្ម ដែល​បាត់បង់​ការងារ​ពី​រោងចក្រ សហគ្រាស និង​ដែល​បាន​វិលត្រឡប់​មកពី​បរទេស មក​ស្រុកកំណើត​វិញ​ផង ព្រមទាំង​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ជាទូទៅ​ផង និង​ដើម្បី​បង្កើន​នូវ​សមិទ្ធផល​សង្គម​សេដ្ឋកិច្ច តាមរយៈ​ការអនុវត្ត​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តតូចៗនៅតាម​មូលដ្ឋាន សំដៅ​លើកស្ទួយ​វិស័យ​កសិកម្ម និង​សេដ្ឋកិច្ច​ផងដែរ ។

ក្នុង​វិធានការ​ជំនួយ​សង្គម​នេះ ក៏​នឹង​ប្ដេជ្ញា​បន្ត​អនុវត្តន៍ រាល់​កម្មវិធី​គាំពារ​សង្គម​ទាំងឡាយ​ដែលមាន​ស្រាប់​មិនឱ្យ​ខកខាន។ រាជរដ្ឋាភិបាល នឹង​រៀបចំ​ដាក់ឱ្យអនុវត្ត​នៅក្នុង​ខែមិថុនា ឆ្នាំ២០២០នេះ នូវ​កម្មវិធី​ជំនួយ​សង្គម​សំដៅ​ជួយ​សម្រួល ដល់​ជីវភាព​ប្រចាំថ្ងៃ នៅក្នុង​អ​ឡុង​ពេល​នៃ​វិបត្តិ Covid-19 ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សមធម៌​ទូទាំងប្រទេស ដោយ​យកចិត្តទុកដាក់​បន្ថែម​ដល់​កុមារ​អាយុ​ក្រោម៥ឆ្នាំ ជន​ព​ការ ជន​ចាស់ជរា ងា​យុ​ចាប់ពី៦០ឆ្នាំ​ឡើងទៅ និង​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅក្នុង​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនោះ​ផងដែរ ៕


ចែករំលែក