ដោយ ហ្សូលី
ភ្នំពេញៈ ការនាំចេញគ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់ម៉ាស៊ីនពីកម្ពុជា ទៅទីផ្សារបរទេសកើនឡើង៣០ភាគរយ ឬស្មើទឹកប្រាក់ជាង២៦០លានដុល្លារ នៅរយៈពេល ៤ខែ នៃឆ្នាំ ២០២០នេះ ។

យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ដែលផ្សព្វផ្សាយនៅថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០២០ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញនូវគ្រឿងអគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិច ដែលមានតម្លៃសរុប២៦៤,៨៩លានដុល្លារអាមេរិក ទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល៤ ខែដំបូងនៃឆ្នាំនេះ ។
របាយការណ៍ដដែលបានបន្ថែមថា តួលេខនេះតំណាងឱ្យការកើនឡើងជាង៣៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ទន្ទឹមនេះទីផ្សារសំខាន់ៗ សម្រាប់ការនាំចេញឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ម៉ាស៊ីន ដែលផលិតនៅក្នុងប្រទេសកម្ពុជា ច្រើនតែនាំចេញទៅកាន់ប្រទេសចិនជប៉ុន ថៃ និងសហរដ្ឋអាមេរិក។ ឧបករណ៍អគ្គិសនីដែលត្រូវបាននាំចេញរួមមាន ខ្សែកាបអគ្គិសនី ម៉ាស៊ីត្បាញ ជញ្ជីង ម៉ាស៊ីនខួង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម ។
ក្រៅពីគ្រឿងបង្គុំអេឡិចត្រូនិចនេះ កម្ពុជាក៏សម្រេចបាននូវការនាំចេញគ្រឿងបង្គុំរថយន្ត និងកង់ជាដើម ដែលកំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកទិញបរទេសផងដែរ។ ដោយឡែកការនាំចេញវាយនភ័ណ្ឌ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ដោយសារតែជំងឺរាតត្បាត។ នេះបើតាមឯកសាររបស់រដ្ឋបាលព្រះសីហនុ ៕






