ដោយ៖រ៉ាណេត
ភ្នំពេញ៖ខេត្តព្រះវិហារសម្បូរទៅដោយធនធានរ៉ែគ្រប់ប្រភេទរួមមាន រ៉ែដែក រ៉ែស្ពាន់ រ៉ែមាស រ៉ែប្រេងកាត និងរ៉ែលោហៈផ្សេងៗទៀត ដែលគ្រប់ដណ្តប់ស្ទើរទូទាំងខេត្ត ហើយមកទល់ពេលនេះ មានក្រុមហ៊ុនចំនួន២១ ដែលបានកំពុងធ្វើអាជីវកម្ម និងសិក្សាស្រាវជ្រាវ។

លោក គោស៊ុ ប៊ុនស៊ឿត អភិបាលរងខេត្តព្រះវិហារ នៅក្នុងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ» នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០នេះ បានឱ្យដឹងថាក្រុមហ៊ុនចំនួន២១ ក្នុងនោះមាន ក្រុមហ៊ុនធ្វើអាជីវកម្មរុករករ៉ែលោហៈចំនួន ២ក្រុមហ៊ុន, អាជីវកម្មថ្មភក់ ០៣ក្រុមហ៊ុន, អាជីវកម្មថ្មសំណង់ ២ក្រុមហ៊ុន និងអាជីវកម្មថ្មអារចំនួន ១ក្រុមហ៊ុន។
លោកបន្តថា ក្រុមហ៊ុនកំពុងសិក្សាស្រាវជ្រាវរ៉ែលោហៈ ១៣ក្រុមហ៊ុន ដោយឡែកចំពោះការផ្គត់ផ្គង់អគ្គីសនី ដោយមានកិច្ចសហប្រតិបត្តិការជាមួយខេត្តចម្ប៉ាសាក់ យើងបានតភ្ជាប់បណ្តាញពីខេត្តស្ទឹងត្រែង និងបានពង្រីកអគ្គីសនីប្រើប្រាស់ទូទាំងខេត្ត។
លោកបន្ថែមថា សម្រាប់កម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាគោល ផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងផែនការវិនិយោគ ៣ឆ្នាំរំកិល ជាត្រីវិស័យរបស់រដ្ឋបាលខេត្តព្រះវិហារដើម្បីសម្រេចបាននូវ សមិទ្ធផលការងារជាច្រើនរួមមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត ការកែលម្អរ សោភ័ណភាព បរិស្ថាន សន្តិសុខសាធារណៈ និងការផ្តល់សេវាសាធារណៈ ជាដើម ។ល។ ៕







