ដោយ ៖ វុត្ថា
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការស្ថាបនាផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅកាន់ទីប្រជុំជនក្រុងប៉ោយប៉ែត (ផ្លូវហាយវេអាស៊ាន) នឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ខណៈផ្លូវនេះបាននឹងកំពុងពន្លឿនស្ថាបនាដោយក្រុមហ៊ុនជប៉ុន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងពិធីដឹកនាំមន្ត្រីចុះពិនិត្យការដ្ឋានផ្លូវជាតិលេខ៥ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥ នេះ ត្រូវបានបែកចែកជា ៣ផ្នែក គឺផ្លូវខាងជើង កណ្តាល និងខាងត្បូង ។
លោកបន្តថា សម្រាប់គម្រោងទី១នៃផ្លូវនេះ នៅប៉ែកខាងជើង ពីបាត់ដំបងទៅស្វាយស៊ីសុផុន នឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ ២០២១ ដែលរហូតមកដលពេលនេះ សម្រេចបានជាង ៧០ ភាគរយ។ សម្រាប់ផ្នែកកណ្តាលនឹងបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ ២០២២។
លោកបន្ថែមថា “នៅសល់ប្រមាណ ២កន្លែង យើងកំពុងជ្រើសរើសម៉ៅការសាងសង់ ជាមួយគ្នានេះ យើងនឹងធ្វើកន្លែងជញ្ជីង ប្រមាណ៦ ទីតាំង ជារួមនឹងហើយរួចរាលនៅក្នុងឆ្នាំ ២០២២”។
លោកបន្ថែមទៀតថា “ផ្លូវនេះនឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជាប្រព័ន្ធឡូជីស្ទីកដែលមានតម្លៃដឹកជញ្ជូនសមរម្យ និងការដឹកជញ្ជូនទំនិញចំណាយពេលវេលាតិច ពីកម្ពុជាទៅកាន់ប្រទេសថៃ និង ពីថៃមកកម្ពុជា។ ផ្នែកខាងត្បូង បាន ២៩ ភាគរយ កណ្តាល បានប្រមាណ ១៥ ភាគរយ”។

លោកបញ្ជាក់ថា ការចំណាយថវិកាលើការសាងសង់ផ្លូវជាតិលេខ៥នេះ មានចំនួន ៥០០ លានដុល្លារអាមេរិក ដែលមានចម្ងាយផ្លូវប្រមាណ ៣៦៦ គីឡូម៉ែត្រ ដោយក្នុងនោះ មានផ្លូវវៀងក្រុង ៥កន្លែងប្រវែង ៦២គីឡូម៉ែត្រ ស្ពាន ៨០ កន្លែង និងដាក់លូជាច្រើនរយម៉ែត្រផងដែរ។
គម្រោងធ្វើឱ្យប្រសើរឡើងលេខ៥ (អាស៊ានហាយវេលេខ១) មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។
ការស្ថាបនាត្រូវបានបែងចែក ជា៣ផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកកណ្តាល និងផ្នែក ខាងត្បូង ដោយមានការពង្រីកកំណាត់មានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC) និងមានសួរ ច្បារចំកណ្តាល៕






