តើទីក្រុងកោះនរាត្រូវបានរៀបចំប្លង់គោលនិងផែនការអភិវឌ្ឍន៍យ៉ាងដូចម្តេច?

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ គម្រោងដ៏មហិមានៃការបង្កើតក្រុងរណបថ្មីកោះនរាហ៍ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រើយម្ខាងនៃរាជធានីភ្នំពេញ ស្របគ្នានឹងទីក្រុងរណបកោះពេជ្រ ដែលខ័ណ្ឌចែកដោយទន្លេបាសាកនោះ នឹងជួយកែប្រែសោភ័ណភាព ជាពិសេស បង្ហាញពីវឌ្ឍនៈភាពដ៏អស្ចារ្យដែលជាសមិទ្ធផលថ្មីនៃវិស័យសំណង់។


អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ LSCG Real Estate Co.,Ltd លោក លី សុខឆាយ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ដោយបង្ហាញពីមោទនភាព និងសុទិដ្ឋិនិយមទៅនឹងគម្រោង និងផែនការនៃការអភិវឌ្ឍទីក្រុងរណបថ្មីកោះនរាហ៍ ដែលជាចំណែកថ្មីមួយយ៉ាងសំខាន់ នៅក្នុងការជួយជ្រោមជ្រែង និងពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា។

លោកបានមានប្រសាសន៍ថា បើទោះជារហូតមកដល់ពេលនេះ គំរូប្លង់មេនៃការអភិវឌ្ឍន៍ទីក្រុងរណបថ្មី កោះនរាហ៍ ត្រូវបានរៀបចំផែនការ និងបែងចែកជាតំបន់សំខាន់ៗប៉ុន្មានក៏ដោយ ប៉ុន្តែខ្ញុំគិតថា តាមរយៈបទពិសោធន៍ និងភាពជំនាញនៃការអភិវឌ្ឍន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យរបស់ក្រុមហ៊ុនដ៏ល្បីមួយនេះ នឹងបង្កើតឱ្យមានភាពអស្ចារ្យលេចធ្លោជាមិនខាន

ជាក់ស្ដែងដូចជាសមិទ្ធផលធំជាច្រើន ជាពិសេសរូបភាពនៃទីក្រុងកោះពេជ្រ ដែលត្រូវបានអភិវឌ្ឍន៍ និងកំពុងបន្តសកម្មភាពសាងសង់យ៉ាងមមាញឹក នៅពេលបច្ចុប្បន្ននេះ


ជាមួយគ្នានឹងគម្រោង នៃការអភិវឌ្ឍន៍ទីក្រុងកោះនរាហ៍នេះផងដែរ លោក លី សុខឆាយ ក៏បានលើកឡើងពីភាពល្អប្រសើរ នៃគម្រោងសាងសង់ស្ពានថ្មយោងខ្សែកាបថ្មី ដែលតភ្ជាប់ពីទីក្រុងកោះនរាហ៍ និងកោះពេជ្រផងដែរថា ការសាងសង់ស្ពាននេះ នឹងប្រែក្លាយតំបន់កោះនរាហ៍ ក៏ដូចជាតំបន់ច្បារអំពៅពីតំបន់លំនៅដ្ឋាន ទៅជាតំបន់ពាណិជ្ជកម្ម ស្របពេលដែលបច្ចុប្បន្ននេះ តម្លៃដីធ្លីនៅក្នុងតំបន់ខាងលើនេះ មានការកើនឡើងយ៉ាងគំហុកក្នុងចន្លោះប្រមាណ១០០០ ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ រួចទៅហើយ ហើយនៅថ្ងៃខាងមុខនេះ ជាពិសេស ក្រោយគម្រោងស្ពាន និងការអភិវឌ្ឍទីក្រុងកោះនរាហ៍លេចចេញជារូបរាង តម្លៃនឹងបន្តកើនឡើងបន្ថែមទៀត

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលកន្លងទៅថ្មីៗនេះដោយបង្ហើបឱ្យដឹងថា គម្រោង និងផែនការមេនឌការអភិវឌ្ឍន៍ទីក្រុងរណបកោះនរាហ៍ ជាមួយនឹងទំហំទឹកប្រាក់វិនិយោគខ្ទង់ពាន់លានដុល្លារនេះ នឹងមានហេដ្ឋារចនាសម្ព័ន្ធស្រដៀងគ្នា ទៅនឹងទីក្រុងរណបកោះពេជ្រ ដោយក្នុងនោះមានការបែងចែក នូវតំបន់សំណង់អាគារពាណិជ្ជកម្មកម្រិតខ្ពស់ បណ្តុំសំណង់លំនៅដ្ឋានលំដាប់អភិជន រួមជាមួយនឹងតំបន់លំហែរកាយផងដែរ។

លោកបន្តថា បន្ថែមពីនេះ នៅមានការសាងសង់នូវបណ្តាញផ្លូវថ្នល់ ស្ពានមួយចំនួនទៀត ដែលធ្វើយ៉ាងណាចូលរួមអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ធជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែមានភាពល្អប្រសើរ ផ្តល់ភាពងាយស្រួលដល់ការធ្វើចរាចរណ៍ ចេញចូលក្រុងផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here