ខេត្តកំពង់ធំបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន

ចែករំលែក

ដោយវុត្ថា
ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអះអាងថា ខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះ មិនដូចពីមុនដែលគ្រាន់តែជាខេត្តសម្រាប់ប្រជាពលរដ្ឋឆ្លងកាត់ ឬ ទៅហួស មកហួសនោះទេ តែជាខេត្តដែលបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង និង ជាខេត្តដែលមានសក្តានុពលលើវិស័យសេដ្ឋកិច្ច ។

លោក សុខ លូ នៅក្នុងសន្នីសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិដៅការងារបន្តរបស់ខេត្តកំពង់ធំ” នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ខេត្តកំពង់មានតំបន់ទេសចរណ៍ជាច្រើនកន្លែងសម្រាប់បំរើដល់ភ្ញៀវទេសចរជាតិ និងអន្តជាតិ ជាពិសេសប្រាសាទសំបូរព្រៃគុកដែលត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលទៅក្នុងបញ្ជីបិតិកភណ្ឌពិភលោក។

លោក អភិបាលខេត្តបន្តថា ក្រៅពីប្រាសាទសំបូរព្រៃគុក ខេត្តមានប្រាសាទ និងរមណីយដ្ឋានកែច្នៃជាច្រើនផ្សេងទៀត ដូចជាព្រៃប្រស់ ភ្នំសន្ទុក សំពៅត្រៃលោក ត្រៃលក្ខណ៍ និងគោលដៅទេសចរណ៍ផ្សេងៗជាច្រើន សម្រាប់បំរើភ្ញៀវទេសចរ។

លោកបន្តថា ជាមួយគ្នានេះ យើងមានសណ្ឋាគារធំៗចំនួន ៤ និងផ្ទះសំណាក់ក៏ច្រើនដែរដែលអាចទទួលភ្ញៀវទេសចរណ៍បានគ្រប់គ្រាន់ ប្រកបដោយផាសុកភាព និងមានភោជនីយដ្ឋានជាច្រើនផងដែរ។

លោកបន្ថែមថា ខេត្តកំពង់ធំមិនមែនជាខេត្តឆ្លងកាត់ទៀត ខេត្តនេះ មានកន្លែងទេសចរណ៍ជាច្រើនដែលអាចអោយពលរដ្ឋទៅលេងកម្សាន្តបាន ប្រកបដោយសម្បាយរីករាយ។

លោក សេង អាន ប្រធានទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងដែរថា ខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះ មានតំបន់ទេសចរណ៍កែច្នៃ និងរមណីយដ្ឋានជាច្រើន និងជាគោលដៅសំណាក់ម្ហូមអាហារ សម្រាប់បំរើដល់ភ្ញៀវទេសចរ។

លោកបន្តថារដ្ឋបាលខេត្តបាននឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អសម្រាប់ភ្ញៀវទេសចរអាចធ្វើដំណើរបានទៅដល់គ្រប់គោលដៅទសចរណ៍ទាំងអស់ ។ បន្ថែមពីនេះ នៅពេលដែលភ្ញៀវទេសចរណ៍ទៅតំបន់ទេសចរណ៍នានានឹងបានជំរុញឱ្យពួកគាត់ជាប់ចិត្ត និងវិលត្រឡប់មកលេងវិញម្តងទៀត។

លោកបន្ថែមថា នៅថ្ងៃខាងមុខនេះ ខេត្តនឹងរៀបចំឱ្យមានតំបន់អេកូទេសចរណ៍បន្ថែមទៀត នៅក្នុងស្រុកកំពង់ស្វាយ និងស្រុកសណ្តាន់ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសសចរជាតិ និងអន្តរជាតិ៕


ចែករំលែក