ដោយដួង ចន្រ្ទា
ភ្នំពេញ៖ ខ្សែរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាងកកប្រទេសថៃ ទំនងវាមិនត្រឹមតែជាការស្រម័យទេ ព្រោះបណ្តាញផ្លូវដែកដែលចាស់ទ្រុឌទ្រោម និងខូចខាតដោយសារសង្រ្គាមនេះ បាននិងកំពុងជុសជុលឡើងវិញហើយ ដើម្បីភ្ជាប់បណ្តាញផ្លូវដែកពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងបាងកកប្រទេសថៃ។
ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋនេះ ជាផ្នែកមួយនៃការតភ្ជាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងគោលនយោបាយផ្លួវសូត្រ(ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ)នៃមហាយក្សចិន ហើយប្រទេសកម្ពុជា និងប្រទេសថៃកំពុងចាប់ផ្តើមធ្វើការជាមួយគ្នាកាន់តែសកម្មជាងមុន ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាធ្វើឲ្យសហគមន៍សេដ្ឋកិច្ច សង្គម វប្បធ៌មអាស៊ានកាន់តែរសរវើក។
លោកវ៉ា ស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការតភ្ជាប់ផ្លូវដែករវាងក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតបានបញ្ចប់កាលពី ខែកុម្ភៈកន្លងមកនេះ។ ចំណែកការសាងសង់ផ្លូវពីក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ មកកាន់ក្រុងបាត់ដំបង និងឆ្ពោះ ពីក្រុងបាត់ដំបងមកកាន់ ជាយរាជធានីភ្នំពេញអាចបញ្ចប់ចុងឆ្នាំនេះ ឬឆ្នាំ២០១៩ខាងមុខនេះ។
តាមគម្រោងសម្តេចហ៊ុន សែននឹងជិះរថភ្លើងចេញពីក្រុងសិរីសោភ័ណ ទៅចាប់ដៃគ្នាជាមួយនាយករដ្ឋមន្រ្តីប្រាយុទ្ឋ ចាន់អូចានៅព្រំដែនមិត្តភាពកម្ពុជា ថៃប៉ោយប៉ែតនៅក្នុងឆ្នាំនេះ ប៉ុន្តែគំរោងនេះទំនងជាពន្យាពេលដោយសារការស្តារ និងស្ថាបនាផ្លូវរថភ្លើងឡើងវិញមិនចប់តាមពេលវេលាកំណត់។
តាមការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុលបានឲ្យដឹងថា ខ្សែរថភ្លើងពីក្រុងសិរីសោភ័ណ្ឌ ទៅកាន់ក្រុងប៉ោយប៉ែត នឹងដំណើរការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកលី បូរិនអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ពិភពលោកកំពុងងាកមកប្រើប្រាស់ការដឹកជញ្ជូនតាមរថភ្លើង ព្រោះអាចដឹកទំនិញធុនធ្ងន់បាន និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរ ព្រោះការដឹកជញ្ជូនតាមរថភ្លើងមួយលើក ស្មើនឹងការដឹកជញ្ជូនតាមរថយន្តស្មើ១០០ ទៅ២០០ឡាន”។
លោកបន្តថា “រហូតមកទល់ពេលនេះ ប្រទេសថៃបានផ្តល់ក្បាល និងទូរថភ្លើងជូនយើងហើយ រង់ចាំតែពេលកម្ពុជាសាងសង់ផ្លូវរថភ្លើងរួចប៉ុណ្ណោះ”។
ក្រៅពីការតភ្ជាប់ផ្លូវរថភ្លើងជាមួយប្រទេសថៃ កម្ពុជាខ្លួនឯងក៏បាននិងកំពុងស្តារពង្រីកផ្លូវជាតិលេខ៥ ពីរាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែតផងដែរ។
លោកឈឹម ផល្លាប្រធានាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងពង្រីកផ្លូវជាតិលេខ៥ ពីតំបន់ព្រែកក្តាមទៅកាន់ក្រុងប៉ោយប៉ែត នឹងត្រូវពង្រីកទំហំ២៣ម៉ែត្រ ដែលអាចឲ្យរថយន្តបើកបានពីរខ្សែម្ខាងៗ ព្រោះផ្លូវនេះមានសួនច្បារពុះចំកណ្តាលទ្រូវផ្លូវ។
ផ្លូវនេះនឹងសាងសង់ជាបីដំណាក់កាល ដោយដំណាក់កាលទី១ នឹងចាប់ ផ្តើមពីក្រុងបាត់ដំបងទៅកាន់ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដំណាក់កាលទី២ ចេញពីតំបន់ព្រែមក្តាម ក្នុងស្រុកពញ្ញាលឺខេត្តកណ្តាលទៅកាន់ខេត្តពោធិសាត់ និងដំណាក់កាលទី៣ ចាប់ផ្តើមពីខេត្តពោធិសាត់ដល់ក្រុងបាត់ដំបង និងពីសរីសោភ័ណដល់ ក្រុងប៉ោយប៉ែត។
លោកឈឹម ផល្លាបន្តថា “ការសាងសង់ផ្លូវនេះ នឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខនេះ”។លោកបន្តថា “វាជាផ្លូវដ៏មានសារៈសំខាន់ ព្រោះផ្លូវនេះជាផ្លូវតភ្ជាប់រវាងប្រទេសថៃ មកកាន់កម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម”។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកហេង សុខគង់បានថ្លែងថា រដ្ឋាភិបាលគ្រោងរៀបចំតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីទទួលបានផលប្រយោជន៍ពីការដឹកជញ្ជូនទំនិញឆ្លងកាត់តាមបណ្តោយផ្លូវនេះ ព្រោះកម្ពុជាស្ថិតនៅចំណុចកណ្តាលរវាងប្រទេសធំពីរក្នុងតំបន់គប្រទេសវៀតណាម និងប្រទេសថៃ។
ថ្នាក់ដឹកនាំខេត្តនៅតាមបណ្តោយផ្លូវ ស្ថិតនៅតំបន់ភូមិភាគពាយ័ព្យនេះកំពុងរីករាយនឹងមនុញ្ញផលនេះ។
លោកងួន រតនៈអភិបាលខេត្តបាត់ដំបងបានថ្លែងថា ការតភ្ជាប់ផ្លូវដែកនេះ បានផលប្រយោជន៍ច្រើនណាស់ ព្រោះបណ្តាញផ្លូវនេះនឹងជួយសម្រាលការដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ៥ និងអាចដឹកជញ្ជូនកម្រិតធ្ងន់បានច្រើន កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងអាចជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។លោកបន្តថា កាលពីជំនាន់ទសវត្សរ៍ទី៨០ បើធ្វើដំណើរពីក្រុងបាត់ដំបង មកកាន់រាជធានីភ្នំពេញត្រូវដេកផ្លូវរហូតដល់ពីរយប់។
លោកបន្តថា “ប្រសិនជារថភ្លើងដាក់ដំណើរការ អាចរត់ក្នុងល្បឿនលឿន នឹងមានមនុស្សធ្វើដំនើរច្រើន ហើយខេត្តនឹងទទួលបានផលប្រយោជន៍ច្រើនពីការឆ្លងកាត់នេះនាពេលអនាគត”។
លោកសន សៀបស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានថ្លែងថា នៅតាមបណ្តោយផ្លូវជាតិលេខ៥ នាតំបន់ភូមិភាគពាយ័ព្យគឺក្រុងបាត់ដំបង និងក្រុងប៉ោយប៉ែត ជាតំបន់មានសក្តានុពលនិងទាក់ទាញជាងគេ។ ចំណែកក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គ្រាន់តែជាតំបន់ឆ្លងកាត់ប៉ុណ្ណោះ។លោកបន្តថា ក្រុងបាត់ដំបង ជាក្រុងមានសក្តានុពល និងជាតំបន់មានការអភិវឌ្ឍលំដាប់ទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដូច្នេះប្រសិនជាមានខ្សែរថភ្លើងភ្ជាប់ជាមួយភូមិភាគនេះ វាជួយសម្រួលការតភ្ជាប់ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃកាន់តែរសរវើកថែមទៀត។
លោកបន្តថា “តំបន់ភូមិភាគពាយ័ព្យនឹងមានការរីកចំរើនខ្លាំង ខណៈតំលៃដីធ្លីបានឡើងថ្លៃបន្តិចម្តងៗ ប្រកបដោយភាពលំនឹងរួចហើយ វាមិនហក់ឡើងខ្ពស់ខ្លាំងនោះទេ”។លោកបន្តថា “ខ្ញុំមិននិយាយថា វានឹងក្លាយជាតារារះឡើងនៅភូមិភាគពាយ័ព្យឬយ៉ាងណានោះទេ ព្រោះតំបន់នេះមានសក្តានុពលលើកសិឧស្សាហកម្ម។វាមិនមានសក្តានុពលលើវិស័យទេសចរណ៍ ដូចក្រុងព្រះសីហនុ និងខេត្តសៀមរាបនោះទេ”៕