ដោយ ហ្សូលី
ភ្នំពេញ៖ រាជរដ្ឋាភិបាលប្រទេសជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ប្រមាណ ១៨លានដុល្លារ ដើម្បីចូលរួមការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺ Covid-19។

ហិរញ្ញប្បទានឥតសំណងស្មើទឹកប្រាក់ប្រមាណ ២ ០០០ លានយ៉េនជប៉ុន ឬ ១៨ លានដុល្លារ អាមេរិក ជូន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជាឧបករណ៍ សម្ភារៈ និងបរិក្ខារពេទ្យជូនក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺCovid-19 នៅកម្ពុជា។ នេះបើតាមឱ្យដឹងក្នុងឱកាសដែល ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងផ្តល់ជំនួយ បច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទាន សម្បទានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជារហូតមក។ ជាពិសេស ស្ថិតក្នុងពេលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែជួបវិបត្តិសេដ្ឋកិច្ចដោយសារការរាលដាលនៃជំងឺCovid-19នេះ។
ឯកឧត្តមឯកអគ្គរាជទូត លោក Masahiro MIKAMI ក៏បានជម្រាបអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបាននាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

ជាក់ ស្តែងក្នុងពេលដ៏ឆាប់ខាងមុខនេះ រដ្ឋាភិបាលជប៉ុនគ្រោងនឹងបន្ត ផ្តល់ នូវ ហិរញ្ញប្បទានឥតសំណង សម្រាប់ គម្រោង ចំនួន ពីរ មាន ទឹកប្រាក់ សរុប ប្រមាណ ២៥០១ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២២,៧៣ លាន ដុល្លារ អាមេរិក សម្រាប់គាំទ្រ ដល់ វិស័យ អប់រំ និងសុខាភិបាលកម្ពុជាផងដែរ ។
ក្រៅពីហិរញ្ញប្បទានទប់ស្កាត់ជំងឺ Covid-19នេះ ក៏មានវិស័យច្រើនទៀតដែលរដ្ឋាភិបាលជួយដល់កម្ពុជាដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្តផ្គត់ផ្គង់ស្អាត និងអភិវឌ្ឍសេដ្ឋកិច្ច ជាដើម៕






