ដោយវុត្ថា
ភ្នំពេញៈ អភិបាលខេត្តកណ្តាលលោកគង់ សោភ័ណបានមានប្រសាសន៍ឱ្យដឹងថា រហូតមកដល់ពេលនេះ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ បាននឹងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ និងសកម្មទៅមុខឥតឈប់ឈរ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា រហូតបច្ចុប្បន្ននេះសម្រេចបាន៣៧ភាគយ។
លោកអភិបាលខេត្តកណ្តាល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និង ទិសដៅបន្តរបស់ខេត្តកណ្តាលនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងា ផ្លូវក្រវ៉ាត់ក្រុងទី៣ បាននឹងកំពុងសាងសងផ្លូវ និងទស្ពានយ៉ាងសកម្ម និងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ និងបានដោះស្រាយផលប៉ះពាល់ នៅក្នុងមូលដ្ឋានខេត្តកណ្តាលបានប្រមាណ៧០ភាគរយ។
លោកបន្តថា “ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងរបស់រដ្ឋាភិបាលនេះ ជាការចូលរួមចំណែកអភិវឌ្ឍប្រទេសយ៉ាងសខាន់ និងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍”។ លោកបន្តថា “មិនត្រឹមតែប៉ុណ្ណោះផ្លូវដ៏មានសារៈសំខាន់មួយនេះ បានឆ្លុះបញ្ចាំងនូវសោភណភាព និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិសម្រាប់ខេត្តកណ្តាផងដែរ”។
លោកអភិបាលខេត្តថ្លែងបន្តថា សម្រាប់មូលដ្ឋានខេត្តកណ្តាល យើងធ្វើបណ្តើរ និងបានដោះស្រាយផលប៉ះពាល់បណ្តើរៗ ដែលរហូតមកដល់ពេលនេះ យើងដោះស្រាយបានប្រមាណ៧០ភាគរយ។ មូលហេតុដែលដោះស្រាយបានលឿនបែបនេះ ដោយសារ តែប្រជាពលរដ្ឋបានយល់ដឹងពីគម្រោងនេះ មានសារៈសំខាន់ និងជាគម្រោងដ៏ធំរបស់ខេត្ត។
លោកបន្ថែមថា “ប្រជាលរដ្ឋដែលទទួលរងផលប៉ះពាល់ ពីគម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៣ មានប្រមាណ៧៦០គ្រួសារ យើងដោះស្រាយបានប្រមាណជិត៤០០ គ្រួសារ ដែលស្មើនឹងប្រមាណ៣៤៩ ក្បាលដី ហើយផលប៉ះពាល់ដែលនៅសល់ប្រមាណ៣០ភាគរយនេះ យើងនឹងដោះស្រាយជាបន្តបន្ទាប់ទៀតឱ្យទទួលបានជោគជ័យ”។
គម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៣នេះមានប្រវែង៥៣គ.ម ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញប្រវែង១៥គ.ម និងខេត្តកណ្តាលប្រវែង ៣៨គ.ម និងសាងសង់ស្ពានចំនួន៤កន្លែង។ គម្រោងនេះ មានតម្លៃចំនួន២៥៩លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕






