ដោយ ៖ រ៉ាណេត
កែប ៖ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ និងលើកឡើងពីសក្ដានុពលរបស់ខេត្តកែប ដែលជាគោលដៅទេសចរណ៍កម្រិតខ្ពស់ប្រចាំនៅកម្ពុជានៅពេលអនាគត ជាមួយនឹងការជំរុញឱ្យមានកិច្ចពង្រឹងលើការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមនឹងការកែច្នៃតំបន់កម្សាន្តនានានៅទូទាំងខេត្ត។
នៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកែបនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កែប គឺជាខេត្តមួយដែលមានផ្ទៃដីតូច ចំនួនប្រជាពលរដ្ឋរស់នៅតិច ប៉ុន្តែជាតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងវិស័យទេសចរណ៍បើប្រៀបធៀបទៅនឹងបណ្តាខេត្តផ្សេងទៀត។
-->
សម្ដេចបានបន្តទៀតថា ស្ថិតនៅក្នុងគោលដៅ និងផែនការចម្បងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនេះ គឺតម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសមានការចូលរួមពីវិស័យឯកជនផងដែរ ដើម្បីមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត និងប្រែក្លាយខេត្តមួយនេះឱ្យក្លាយជាគោលដៅទេសចរណ៍ សម្រាក លំហែរកម្សាន្តកម្រិតខ្ពស់។
បច្ចុប្បន្នសម្រាប់សេវាផ្គត់ផ្គង់ផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ រួមមានសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ សរុបចំនួន៩២ទីតាំងនៅទូទាំងខេត្ត ដែលក្នុងនោះសណ្ឋាគារមានចំនួន១៣ទីតាំង ផ្ទះសំណាក់ចំនួន៥៧ទីតាំង និងបឹងហ្គាឡូ រួមនឹងតំបន់ស្នាក់នៅបែបលំហែរសរុបចំនួន២២ទីតាំង ដោយឡែកទីតាំងរមណីយដ្ឋានគោលដៅទេសចរណ៍ប្រចាំនៅក្នុងខេត្តមានចំនួន៣៥កន្លែង ដែលរូបភាពទាំងអស់នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងទាក់ទាញកំណើនទេសចរ យ៉ាងសំខាន់។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realthy Co,.Ltd និងជាអនុប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា លោក ចក់ ស៊ីណាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលកន្លងទៅនេះថា កែប នៅតែអាចរក្សាបាននូវភាពល្អប្រសើរនៅក្នុងវិស័យអចលនទ្រព្យ ពោលគឺមិនមានការធ្លាក់ចុះនូវតម្លៃដី ធ្លី ដូចបណ្តាខេត្តផ្សេងៗនោះទេ ផ្ទុយទៅវិញ សកម្មភាពនៃការទិញលក់ដីធ្លីសម្រាប់វិនិយោគក្នុងរយៈពេលយូរនៅក្នុងខេត្តមួយនេះ ជាពិសេសនៅតាមតំបន់ឆ្នេរ និងតំបន់ជាប់ភ្នំ នៅតែបន្តមាន មិនស្ងប់ស្ងាត់នោះទេ ។
លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តទៀតថា “ភាគច្រើនការវិនិយោគដីធ្លីនៅក្នុងខេត្តកែប គឺជាប្រភេទការវិនិយោគក្នុងរយៈពេលយូរអង្វែង ដែលកម្រមានការទិញដីក្នុងទ្រង់ទ្រាយធំ ហើយធ្វើការពុះជាដីឡូតិ៍នោះទេ ពោលគឺជាការវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍ជាមណ្ឌលកម្សាន្ត ដូចជាតំបន់ទេសចរណ៍កែច្នៃ និងតំបន់លំនៅដ្ឋានបែបលំហែរកាយសម្រាប់បម្រើដល់វិស័យទេសចរណ៍ ឬសម្រាប់ដាក់លក់ក្នុងតម្លៃថ្លៃក្រោយបញ្ចប់ការសាងសង់រួចរាល់” ៕